(បាត់ដំបង)៖ ទន្ទឹមគ្នានឹងការកើនឡើងកម្តៅនៅសប្តាហ៍នេះ នៅបណ្តាខេត្តមួយចំនួន ក៏មានភ្លៀងខ្យល់កន្រ្តាក់ជាបណ្តើរៗផងដែរ។ ជាក់ស្តែងនៅខេត្តបាត់ដំបង នាថ្មីៗនេះ ខ្យល់កន្រ្តាក់ លាយឡំនឹងភ្លៀងផងនោះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ៣៧គ្រួសារ នៅស្រុកបាណន់។
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ លោក ហែម ថេង បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅស្រុកខាងលើនេះ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ នៅមុនពេលមានភ្លៀង និងពេលមានភ្លៀងធ្លាក់ ដែលនាំមកខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតរបើកដំបូលផ្ទះ ឬមានគ្រោះថ្នាក់ផ្សេងៗ។
ការអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើង នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅក្នុងឱកាសលោកដឹកនាំក្រុមការងារបានចុះចែកស័ង្កសី និងជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋចំនួន ១៨គ្រួសារ នាឃុំភ្នំសំពៅ ដែលកំពុងរងគ្រោះដោយសារខ្យល់កន្ត្រាក់ថ្មីៗនេះ។
លោកប្រធានក្រុមការងារបានផ្តាំផ្ញើទៅប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងឃុំថា ពេលមេឃងងឹតរកភ្លៀងម្តងៗ សូមផ្អាកធ្វើការងារផ្សេងៗនៅក្រៅផ្ទះហាលភ្លៀង ហើយឆាប់រូតរះរត់រកទីកន្លែងមានសុវត្ថិភាព ដើម្បីការពារខ្លួនកុំឲ្យមានគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ ដូចជាមានផ្គររន្ទះបាញ់ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ ដែលនាំឲ្យជួបគ្រោះថ្នាក់ផ្សេងៗ ដល់ប្រជាពលរដ្ឋ។ លោកថា ពេលកំពុងភ្លៀងសូមបិទទូរស័ព្ទ បិទវិទ្យុ កុំនៅក្រោមដើមឈើ និងជិតសារធាតុដែក ចៀសវាងកុំឲ្យស្រូបឆក់បង្កជារន្ទះបាញ់ជាដើម។
លោកបានបញ្ជាក់បន្តថា ពេលប្រជាពលរដ្ឋជួបប្រទះការលំបាក ក្រុមការងារតែងតែបានចុះមកសួរសុខទុក្ខ និងដោះស្រាយជាបន្ទាន់រហូតមក មិនដែលខានម្តងណាឡើយ។ ជាក់ស្តែងថ្ងៃនេះ ក្រុមការងារបានចុះចែកស័ង្កសីចំនួន ២៨៧សន្លឹក សម្រាប់ប្រក់ផ្ទះជូនប្រជាពលរដ្ឋចំនួន១៨ខ្នង ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរចំនួន ១០ខ្នង។
គួរបញ្ជាក់ថា សម្រាប់ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់លើកទី១ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ មានចំនួន១៩គ្រួសារ ហើយក្រុមការងារបានឧបត្ថម្ភស័ង្កសី ២១០សន្លឹក សរុបទាំង២លើក ពលរដ្ឋរងគ្រោះចំនួន ៣៧គ្រួសារ ឧបត្ថម្ភស័ង្កសីចំនួន ៤៩៧សន្លឹក។
នាឱកាសនោះដែរ លោកប្រធានក្រុមការងារ បានឧបត្ថម្ភថវិកាអ្នករងគ្រោះធ្ងន់ធ្ងរ ១០គ្រួសារ ក្នុង១គ្រួសារ ១២ម៉ឺនរៀល និងគ្រួសាររងគ្រោះមធ្យម ៨គ្រួសារ បានទទួល៨ម៉ឺនរៀល និងឧបត្ថម្ភសមាជិកក្រុមប្រឹក្សាស្រុក ឃុំ២០នាក់ម្នាក់ៗទទួលបាន៥ម៉ឺន ក្រុមជួសជុលផ្ទះជាង ១០ម៉ឺនរៀលផងដែរ៕