(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសសមាគមនិយោជក អង្គការសហជីព កម្មករនិយោជិត ត្រូវបន្តការយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗ ៦ចំណុច ដើម្បីបន្តស្មារតីទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្នុងនោះលោករដ្ឋមន្ត្រីក៏បានជំរុញឱ្យគ្រប់ភាគី ត្រូវចូលរួមលើកកម្ពស់ការប្រកួតប្រជែងឱ្យបានខ្លាំងក្លា។
ការប្រកាសអំពាវនាវយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។
អនុសាសន៍ការងារទាំង៦ចំណុច ដែលលោករដ្ឋមន្ត្រី អ៉ិត សំហេង ប្រកាសឡើងនាឱកាសនោះ រួមមាន៖
១៖ បន្តខិតខំលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសត្រូវបន្តពង្រឹងយន្តការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក ព្រមទាំងបង្កើនការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ៖
* បទបញ្ជាលេខ០២បប ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការអនុវត្តផែនការស្តីពីការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០១៦-២០១៩។
* បទបញ្ជាលេខ០៣បប ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ស្តីពីការរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម។
* វិធានការការពារទប់ស្កាត់កូដកម្ម បាតុកម្ម និងដោះស្រាយវិវាទដោយសន្តិវិធី និងស្របតាមនីតិវិធីច្បាប់ បទប្បញ្ញត្តិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងវិស័យការងារ។
២៖ បន្តរៀបចំនូវបណ្តាលិខិតបទដ្ឋានគតិយុត្ត សម្រាប់ដាក់ឱ្យដំណើរការការអនុវត្តច្បាប់ស្តីពីសហជីព និងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
៣៖ បន្តអនុវត្តអនុសាសន៍ទាំង១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់។
៤៖ បន្តអនុវត្តកម្មវិធីពិភាក្សាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំតាមរូបមន្ត និងយន្តការត្រីភាគីដែលគ្រប់ភាគីទទួលយកបានកន្លងមក ក្នុងការកំណត់ការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។
៥៖ បន្តលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និងយុវជន ដើម្បីទទួលការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងដើម្បីលើកកម្ពស់ជំនាញ ផលិតភាពការងារ និងមានសមត្ថភាពប្រកួតប្រជែង។
៦៖ បន្តពង្រឹងការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលបានផ្តល់សច្ចាប័ន។ បន្តសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) គម្រោងបទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី (GIZ-SLSG) នៅប្រទេសកម្ពុជា គម្រោងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងជាសកល (Global Deal Initiative), កម្មវិធីរួមគ្នារបស់អង្គការ សហប្រជាជាតិ «រួមគ្នាដើម្បីមុខរបរ និងការងារ របស់យុវជននៅកម្ពុជា» កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ និងគម្រោងសហការជាមួយដៃគូអភិវឌ្ឍផ្សេងទៀត ដើម្បីរួមគ្នាសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងដើម្បីសម្រេចមហិច្ឆតាប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
លោករដ្ឋមន្ត្រីបន្តថា ការប្រារព្ធពីធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ១ឧសភានេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលក្រសួង បានសហការជាមួយអង្គការអន្តរជាតិខាងការងារ រៀបចំពិធីខួប១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិខាងការងារ និងខួប៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ ក្រោមប្រធានបទ «បង្កើនយុត្តិធម៌សង្គមលើកកម្ពស់ការងារសមរម្យ» នៅវិមានសន្តិភាព កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក អ៉ិត សំហេង បានបញ្ជាក់ទៀតថា ការប្រារព្ធមីទ្ទិញថ្នាក់ជាតិថ្ងៃទី១ ឧសភា ឆ្នាំ២០១៩ នាពេលនេះគឺស្របពេលនឹងសភាពការណ៍របស់ប្រទេសជាតិ បាននិងកំពុងបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយជោគជ័យ ហើយក៏ជាការចូលរួមចំណែកមួយដ៏សំខាន់ ក្នុងការអនុវត្តគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ សំដៅលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង ដើម្បីបន្តកែប្រែរចនាសម្ពន្ធសេដ្ឋកិច្ចជាតិឱ្យរក្សាបាននូវកំណើន និងការបង្កើនការងារកាន់តែល្អប្រសើរ៕