(ពោធិ៍សាត់)៖ ទោះបីជាបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរបានបញ្ចប់ក៏ដោយ រយៈពេលប៉ុន្មានថ្ងៃនេះ ភ្ញៀវទេសចរ នៅតែបន្តទៅងូតទឹកលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តពោធិ៍សាត់ ជាពិសេស សំណង់បង្ហៀរក្បាលហុង ជាមួយនឹងការជិះទូកលេងកម្សាន្ត (ប៉េឌឺឡូ) ក្នុងស្ទឹងពោធិ៍សាត់ ស្របពេលដែលបាតុភូតអ៊ែលនីណូ(El Nino) ធ្វើឱ្យកម្ពុជា និងប្រទេសក្នុងតំបន់ឡើងកម្តៅ។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការប្រើប្រាស់ទឹកពីទំនប់ទី៣ និងទី៥ គឺមានលក្ខណៈសន្សំសំចៃ ធ្វើយ៉ាងណាប្រើប្រាស់ឲ្យចប់រដូវប្រាំង ឈានទៅដល់រដូវវស្សា នៅអំឡុងសប្តាហ៍ទី៣ នៃខែឧសភា ខាងមុខ។ ជាមួយនឹងការសន្សំសំចៃខ្ពស់នេះ យើងក៏អាចទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តសប្បាយ ដោយងូតទឹកលេងនៅទំនប់បង្ហៀរ និងជិះទូក (ប៉េឌឺឡូ)រហូតទៅដល់១២គ្រឿង នៅតាមដងស្ទឹងពោធិ៍សាត់ ដែលរដ្ឋបាលខេត្តបានរៀបចំឡើង តាំងពីអំឡុងពិធីបុណ្យចូលឆ្នាំថ្មីមកម្លេះ។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លងទៅនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទៅកម្សាន្តនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្ត និងរមណីយដ្ឋាននានា ក្នុងខេត្តពោធិ៍សាត់ចំនួន ៤៩,៥៣៧នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ៣៦នាក់។
សំណង់ទ្វាទឹកក្បាលហុង គឺជាសំណង់ចាស់ទ្រុឌទ្រោម ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ដែលត្រូវទាមទារធ្វើការជួសជុលឡើងវិញ ទៅជាទំនប់បង្ហៀរ នៅលើទីតាំងចាស់ ដែលមានប្រវែង៩៤ម៉ែត្រ បាតក្រោម៩ម៉ែត្រ ខ្នងលើ៤ម៉ែត្រ មានកម្ពស់១,៣ម៉ែត្រ និងមានទ្វារទឹក២សងខាង ហើយក្នុងនោះមានលទ្ធភាពស្រោចស្រព ទៅលើផ្ទៃដីស្រែ និងដំណាំរួមផ្សំ ចំនួន៣ពាន់ហិកតា សម្រាប់បម្រើផលប្រយោជន៍ប្រជាជនក្នុងក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងស្រុកបាកាន។
ក្នុងនោះគម្រោងនេះ បានជួយសម្អាតបរិស្ថានក្នុងក្រុងពោធិ៍សាត់ នៅតាមដងស្ទឹង ហើយជួយបង្កើតនូវលំហូរភ្ញៀវទេសចរណ៍ ចូលមកទស្សនាក្នុងខេត្តពោធិ៍សាត់ផងដែរ។ គម្រោងនេះ បានផ្តើមដំណើរការ នៅខែមករានេះតទៅ ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តពោធិ៍សាត់។ ទន្ទឹមនឹងគម្រោងទំនប់បង្ហៀរក្បាលហុងបាននឹងកំពុងសាងសង់ ផ្លូវថ្មើរជើងជាប់មាត់ស្ទឹង និងសួនច្បារ១២មករា ក៏ត្រូវបានធ្វើឡើងស្របគ្នានោះផងដែរ៕