(ភ្នំពេញ)៖ លោក អ៉ឹង លាងហ៊ួ ត្រូវបានព្រឹទ្ធសភាប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤នេះ នៅមណ្ឌលភូមិភាគទី៧ ដើម្បីជំនួសលោក ជុំ វង សមាជិកព្រឹទ្ធសភាចាស់ ដែលបានទទួលមរណភាព។ នេះបើតាមសេចក្តីប្រកាសលទ្ធផលរបស់ព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីប្រកាសលទ្ធផល នៃសម័យប្រជុំលើកទី៣ នីតិកាលទី៤ ព្រឹទ្ធសភា បានឱ្យដឹងថា ក្រោយប្រកាសទទួលស្គាល់ហើយនោះ លោក អ៉ឹង លាងហ៊ួ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។
ក្រៅពីប្រកាសទទួលស្គាល់ សមាជិកព្រឹទ្ធសភាថ្មី១រូប ក្នុងសម័យប្រជុំនៅថ្ងៃនេះ ព្រឹទ្ធសភា ក៏បានបោះឆ្នោតជ្រើសរើស លោកស្រី កង សៅរ៍ធន ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ព្រឹទ្ធសភានីតិកាលទី៤ ផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ព្រឹទ្ធសភា បានបើកសម័យប្រជុំលើកទី៣ នីតិកាលទី៤ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៣ ក្នុងនោះមាន ទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤, ទី២៖ ស្តាប់របាយការណ៍គណះកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាពការងាររបសព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣នីតិកាលទី៤ និងទី៣៖ បោះឆ្នោតជ្រើសរើសបំពេញលោកស្រី កង សៅធែនជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថានព្រឹទ្ធសភានីតិកាលទី៤។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៣រូប៕