(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ រៀបចំសន្និបាតបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សន្និបាតនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ងារ ការងារបង្ក្រាបបទល្មើសគ្រឿងញៀន ជាលទ្ធផលបង្ក្រាបសរុបរួម ៦,១១១ករណី ឃាត់ខ្លួន១១,៧៩៥នាក់ (ស្រី៩៣៦នាក់) និង២២៣ដីកា ឃាត់
ខ្លួន២១២នាក់ (ស្រី០៨នាក់) បែងចែកប្រភេទតាមជនជាតិ មាន១៨ជនជាតិ។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បានបន្ថែមថា វត្ថុតាងគ្រឿងញៀនចាប់យក សារធាតុញៀនមានទម្ងន់សរុប ៥១១គីឡូក្រាម ក្នុងនោះមាន៖ មេតំហ្វេតាមីនម្សៅក្រាម (ICE) ២៨២គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ (WY) ៣.៨៦គីឡូក្រាម, ហេរ៉ូអ៊ុន ២.៧គីឡូក្រាម, កូកាអ៊ុន ៣.៤គីឡូក្រាម, អ៊ុចស្តាស៊ី(MDMA) ១៨៨.៤គីឡូក្រាម, កេតាមីន (Ketamine) ២៩.៨គីឡូក្រាម និងNimetazepam ២៨៤,៥៤ក្រាម, ស្លឹកខាត៣តោន ២២៧គីឡូក្រាម, ប្រេងម្រះពៅភ្នំ ៦៣២គីឡូក្រាម, កញ្ញាក្រៀម៨៧.៤គីឡូក្រាម និងកាប់បំផ្លាញដំណាំកញ្ញា ១១៣,៩៦៨ដើម។
មធ្យោបាយ សម្ភារពាក់ព័ន្ធបទល្មើស បានចាប់យក ជញ្ជឹង២៦៨គ្រឿង, អាវុធខ្លី១៦ដើម, អាវុធវែង០២ដើម, រថយន្ត ៦៤គ្រឿង, ម៉ូតូ១,៨៧២គ្រឿង, ទូរស័ព្ទ ៤,៤៦៨គ្រឿង, លុយខ្មែរ៤១,៤០៣,១០០រៀល, លុយអាមេរិក១៥,៣៨៨ដុល្លារ, លុយថៃ១២៥,៧២៣បាត, លុយវៀតណាម២,៧២១,០០០ដុង, លុយចិន ២៤,០០០យ៉េន, លិខិតឆ្លងដែន១២ក្បាល និងឧបករណ៍វេចខ្ចប់គ្រឿងញៀនមួយចំនួន៕