(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានសម្រេចដាក់ពិន័យលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការស្រុកកំពង់សៀម ឲ្យទៅបង្ហាញមុខនៅការិយាល័យបុគ្គលិក រឿងល្មើសវិន័យកងកម្លាំង។

លិខិតបង្គាប់ការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានចេញលិខិតបង្គាប់ការឲ្យលោកវរសេនីយ៍ត្រី ពេជ្រ គឹមស៊ា អធិការរង ជាអធិការស្ដីទី។

គួរជម្រាបថា ពាក់ព័ន្ធលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន ត្រូវបានពលរដ្ឋចោទប្រកាន់ថា បានប្រើប្រាស់អំពើហិង្សាលើជនដែលអុកឡុកកន្លែងរាំធុងបាស នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀមនាពេលកន្លងទៅនោះ ហើយត្រូវបានលោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យបើកការស៊ើបអង្កេត ជុំវិញការចោទប្រកាន់នេះ ដើម្បីឲ្យអស់មន្ទិលសង្ស័យរបស់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម៕