(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានគូសបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៩ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមវេទិកានៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវលើកទី២ ដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ ( 2nd Belt and Road Forum for International Cooperation=BRF) នៅទីក្រុងប៉េកាំង ប្រទេសចិន។

នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវលើកទី២នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៧ ខែមេសា ឆ្នាំ២០១៩ ក្រោមប្រធានបទ «កសាងជោគវាសនារុងរឿងរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ»។ អង្គវេទិកានេះនឹងមានវត្តមានចូលរួមដោយប្រមុខដឹកនាំប្រទេសនិងគណៈប្រតិភូជាន់ខ្ពស់ប្រមាណជិត ៥,០០០រូប ដែលនឹងអញ្ជើញមកពីជាង ១៥០ប្រទេស និងអង្គការអន្តរជាតិធំៗនានាលើពិភពលោក។ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងចែករម្លែកទស្សនវិស័យលើប្រធានបទ «ការជំរុញការតភ្ជាប់ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន»។

ដើម្បីបង្ហាញថា តើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានរួមចំណែកដូចម្តេចខ្លះដល់សក្តានុពលសេដ្ឋកិច្ច និងសង្គមកម្ពុជានោះ? លោក យ៉េន យ៉ាត ជានិស្សិតទទួលបានអាហារូបករណ៍សិក្សា និងស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យប៉េកាំង បានសិក្សាស្រាវជ្រាវ និងលើកបង្ហាញទិន្នន័យមួយចំនួនពាក់ព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងប្រយោជន៍មួយចំនួនទៀតដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើមមួយនេះ។ ខាងក្រោមជាអត្ថបទស្រាវជ្រាវរបស់លោក យ៉េន យ៉ាត៖

គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative=BRI) ត្រូវបានបង្កើតឡើងដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅឆ្នាំ២០១៣ ហើយគិតត្រឹមឆ្នាំ២០១៩នេះ មាន១២៤ប្រទេស និង២៩ អង្គការអន្តរជាតិធំៗលើពិភពលោកបានចូលជាសមាជិកBRI។ កម្ពុជាបានចូលជាសមាជិក BRI នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ ទំហំពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសជាសមាជិក BRI មានចំនួនជាង ៦០០ម៉ឺនលានដុល្លារ ចាប់ពីឆ្នាំ២០១៣-២០១៩ (សូមមើល https://eng.yidaiyilu.gov.cn) ។

ងាកមកមើលទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងកម្ពុជា-ចិនក្រោយការបង្កើត BRI។ ទំនាក់ទំនងការទូតដ៏ជិតស្និទ្ធរវាងកម្ពុជា-ចិន គឺបានចាប់ផ្តើមតាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៥៨ គឺក្នុងសម័យសម្តេច នរោត្តម សីហនុ និង លោក ចូ អិនឡាយ។ ដោយឡែកចាប់តាំងពីឆ្នាំ២០១០មក ទំនាក់ទំនងកម្ពុជា-ចិនបានក្លាយជាដៃគូយុទ្ធសាស្រ្តកម្រិតខ្ពស់ ហើយចិនបានក្លាយជាដៃគូវិនិយោគដ៏ធំបំផុតទី១ របស់កម្ពុជា។ ក្នុងឆ្នាំ២០១៧ទំហំទឹកប្រាក់វិនិយោគរបស់ចិនមានចំនួនសរុប ១,១៥២.៨២ លានដុល្លារ ហើយការវិនិយោគ គឺផ្តោតលើវិស័យធំៗដូចជាហិរញ្ញវត្ថុ អចលនទ្រព្យ រោងចក្រ សណ្ឋាគារ និងភោជនីយដ្ឋាន កសិកម្ម រ៉ែ និងបច្ចេកវិទ្យាជាដើម (Sereyvath Ky, 2019)។

គិតត្រឹមឆ្នាំ២០១៧នេះដដែល ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណ ៦.០៤ ពាន់លានដុល្លារ ហើយចិនក៏បានក្លាយជាទីផ្សារនាំចេញធំបំផុតទី៥របស់កម្ពុជា បន្ទាប់ពីអាម៉េរិក អង់គ្លេស អាល្លឺម៉ង់និងជប៉ុន ដោយមានទំហំទឹកប្រាក់ ៧៥៣.៤៨លានដុល្លារ គឺកើនឡើង ២៣.៦៣% បើធៀបនឹងឆ្នាំ២០១៦ ដែលមានទំហំត្រឹមតែ ៦០៩.៤៨លានដុល្លារ។ បន្ទាប់ពីសហគមអឺរ៉ុបបានយកពន្ធលើការនាំចូលអង្ករពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប កម្ពុជាបានខិតខំស្វែងរកដៃគូវិនិយោគ និងទីផ្សារនាំចេញអង្ករឲ្យបានកាន់តែធំទូលាយ។ ក្នុងនោះចិន បានទទួលយកការនាំចូលអង្ករ ចំនួន ៧៤,២១៤តោនពីកម្ពុជាគិតត្រឹមត្រីមាសទី១ នាឆ្នាំ២០១៩នេះ។

ដោយឡែកចិន ក៏ជាម្ចាស់ជំនួយដ៏ធំបំផុតរបស់កម្ពុជា។ ក្នុងឆ្នាំ២០១៨ថ្មីៗនេះ ចិនបានផ្តល់ជំនួយប្រមាណ ៧៤០លានដុល្លារ ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសកម្ពុជា។ បន្ថែមលើនេះទៅទៀត ក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជីនពីង នៅទីក្រុងប៉េកាំងកាលពីខែមករាឆ្នាំ២០១៩កន្លងទៅនេះ ភាគីចិនបានសន្យាថា នឹងផ្តល់ជំនួយប្រមាណ ៤ពាន់លានយ័ន (ប្រហែល ៥៨៧.៦ លានដុល្លារ)បន្ថែមទៀតសម្រាប់រយៈពេលបីឆ្នាំទៅមុខ។

ជំនួយរបស់ចិនភាគច្រើនជាប្រភេទសម្បទានដែលផ្តោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជាផ្លូវថ្នល់ ថាមពល និងកសិកម្ម។ ជាក់ស្តែងថ្មីៗនេះស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាក៏បានបញ្ជាក់ផងដែរថា ខ្លួនបានជួយកម្ពុជាកសាងផ្លូវថ្នល់ចំនួន ៣១ខ្សែ និងស្ពានចំនួន ៨កន្លែងដែលមានប្រវែងសរុបជាង ៣,០០០គ.ម។ ក្រៅតែពីការវិនិយោគ និងជំនួយដែលចិនបានជួយដល់កម្ពុជា ៣២.៦% (ស្មើនឹង ២,០២៥លាននាក់) នៃចំនួនទេសចរបរទេស ដែលបានមកលេងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨ គឺជាទេសចរជនជាតិចិន។ វិស័យទេសចរណ៍បានចូលរួមចំណែកជាច្រើនក្នុងការបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជន ពិសេសគឺវាចូលរួមចំណែកប្រមាណ ១២.៧%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ចិនក៏បានជួយកម្ពុជាជាច្រើនលើសកម្មភាព សង្គម មនុស្សធម៌ និងសិក្សាអប់រំ។

ជាក់ស្តែងក្នុងឆ្នាំសិក្សា២០១៩នេះមានសិស្ស និស្សិតខ្មែរជិត ២,០០០នាក់ កំពុងសិក្សានិងបណ្តុះបណ្តាលនៅតាមសាលានានាក្រោមអាហារូបករណ៍ដែលឧបត្ថម្ភដោយរដ្ឋាភិបាលចិន។ កត្តាទាំងនេះហើយដែលអាចឲ្យយើងមើលឃើញពីតួនាទីដ៏សំខាន់របស់ចិនក្នុងជួយពង្រឹងសក្តានុពលសេដ្ឋកិច្ច សង្គម និងនយោបាយនៅកម្ពុជា។

ទន្ទឹមនឹងការទាញបានផលប្រយោជន៍ដ៏ច្រើននេះ ការសិក្សារបស់ Hu F.(2019) ស្តីអំពីការវិនិយោគរបស់ចិននៅកម្ពុជាបានបង្ហាញថា ការវិយោគចិននៅតែជួបបញ្ហានិងផលវិបាកមួយចំនួន ពិសេសគឺបញ្ហាអំពើពុករលួយ កង្វះតម្លាភាព នីតិវិធីសាំញ៉ាំ និងស្មុគស្មាញ និងប្រព័ន្ធអនុវត្តច្បាប់នៅទន់ខ្សោយ (Hu, Zhang, Hu, & Cook, 2019)។ ដូច្នេះដើម្បីធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបន្តខិតខំពង្រឹងទំនុកចិត្ត លម្អបរិយាកាសវិនិយោគ ធានាស្ថេរភាពនយោបាយ និងសង្គម និងពង្រឹងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព៕

ឯកសារយោង
Hu, F., Zhang, X., Hu, M., & Cook, D. L. (2019). Chinese Enterprises' Investment in Infrastructure Construction in Cambodia. Asian Perspective, 43(1), 177-207. doi:10.1353/apr.2019.0006
Joshua Lipes, & Samean Yun. (2019, 2019-01-22). China Pledges Nearly US $600 Million in Aid to Cambodia Over Three Years: PM Hun Sen. RFA’s Khmer.
Kimkong Heng. (2019, February 08, 2019). Is Cambodia’s Foreign Policy Heading in the Right Direction? The Diplomat.
MOC. (2018). Value of Exports and Imports 2017. Retrieved from
Sereyvath Ky. (2019). Influence of China's Foreign Policy on Cambodia on the Context of BRI. Retrieved from
Sotharith, C. (2010). Trade, fdi, and oda between cambodia and china/japan/korea. Economic Relations of China, Japan and Korea with the Mekong River Basin Countries, 10-44.
Zhou, T. (2019). A Blend of “Hard” and “Soft” Assistance: China’s Aid to Cambodia. In M. Huang, X. Xu, & X. Mao (Eds.), South-south Cooperation and Chinese Foreign Aid (pp. 95-112). Singapore: Springer Singapore.