(ភ្នំពេញ)៖ តបតាមសំណើជាផ្លូវការរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន ក្នុងអំឡុងពេលធ្វើទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសចិនកាលពីចុងខែមីនា មុននេះ គណៈប្រតិភូកំពង់ផែ China Merchants Port របស់ចិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ បានមកធ្វើទស្សនកិច្ចនៅកម្ពុជាហើយ ដើម្បីសិក្សាលើការអភិវឌ្ឍផែនការមេ កំពង់ផែក្នុងរយៈពេលបីខែខាងមុខនេះ។
នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកំពង់ផែ China Merchants Port របស់ចិនមកកម្ពុជា ដែលដឹកនាំដោយលោក Jiang Luning នាយកក្រុមហ៊ុនពាណិជ្ជកម្មក្រៅប្រទេស នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញអំពីតំបន់សំខាន់ៗ ទាក់ទងនឹងការអភិវឌ្ឍកំពង់ផែ សក្តានុពលនៃការដឹកជញ្ជូនតាមផ្លូវទឹក ការតភ្ជាប់ផ្លូវទឹកតាមដងទន្លេមេគង្គ និងតំបន់មួយចំនួនទៀតនៅក្រុងព្រះសីហនុ ដើម្បីឱ្យក្រុមការងាររបស់គណៈប្រតិភូកំពង់ផែ China Merchants Port ពិនិត្យ និងសិក្សាលម្អិតផងដែរ។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សានោះ ក្រុមការងាររបស់គណៈប្រតិភូកំពង់ផែ China Merchants Port បានបន្តជួបជាមួយមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានផ្លូវទឹក និងកំពង់ផែ និងក្រុមការងារកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីប្រមូលទិន្នន័យឱ្យបានជាក់លាក់ និងគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍផែនការមេកំពង់ផែកម្ពុជាផងដែរ។
សូមបញ្ជាក់ផងដែរថា កំពង់ផែ China Merchant Port គឺជាកំពង់ផែដែលធំជាងគេទី២ នៅក្នុងប្រទេសចិន និងជាកំពង់ផែធំជាងគេទី៣ នៅលើពិភពលោក។
គួជម្រាបដែរថា កាលពីថ្ងៃទី២៣-២៨ ខែមីនា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំគណប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ដើម្បីផ្លាស់ប្តូរទស្សនវិស័យ និងបទពិសោធន៍ល្អៗ សំដៅពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងកម្ពុជា និងចិន ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងគណប្រតិភូក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ ជាមួយលោក Fu Gangfeng ប្រធានក្រុមហ៊ុន China Merchants Group ដែលជាក្រុមហ៊ុនមេ និងលោក Lu Vincent អនុប្រធានក្រុមហ៊ុន China Merchant Port Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ លើទស្សនវិស័យ និងបទពិសោធន៍ ជំនាញល្អៗ នៅក្នុងការដឹកនាំ គ្រប់គ្រង និងដំណើរការកំពង់ផែដ៏ធំមួយនោះនៅក្រុង Shenzhen ព្រមទាំងបានពិភាក្សាផងដែរពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែ China Merchants Port។
ក្នុងនោះដែរលោក Fu Gangfeng បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាការចូលរួមលើកស្ទួយវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនថែមទៀតផងដែរ។
លោកទេសរដ្ឋមន្ត្រី បានយល់ព្រមជាមួយលោក Lu Vincent ក្នុងកិច្ចសហការរៀបចំផែនការមេ សម្រាប់ចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍវិស័យកំពង់ផែ និងឡូជីស្ទីកនៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រីក៏បានអញ្ជើញ លោក Fu លោក Lu និងថ្នាក់ដឹកនាំក្រុមហ៊ុន ព្រមទាំងសហការីជំនាញទៅធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សានិងពិភាក្សាលម្អិត ពីគម្រោងវិនិយោគ និងកិច្ចសហប្រតិបត្តិការបន្ត រវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុន Merchants Port Group ផងដែរ៕