(ភ្នំពេញ)៖ ប្រាសាក់ ជាគ្រឹះស្ថានលំដាប់ទីមួយ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមធនាគារធំៗ ៥ នៅកម្ពុជា មានមោទនភាពដែលបានចូលរួម និងឧបត្ថម្ភកម្មវិធីផ្សព្វផ្សាយ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា» ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីគុណប្រយោជន៍នៃចំណេះដឹងហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយជូនសាធារណជន ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្ថាប័នដៃគូ ភាគីពាក់ព័ន្ធ សិស្ស និស្សិត និងសាធារណជនទូទៅ។
នៅក្នុងកម្មវិធីនេះដែរ ប្រាសាក់បានចូលរួមតាំងបង្ហាញនូវផលិតផលនិងសេវាហិរញ្ញវត្ថុ សមិទ្ធផលដែលប្រាសាក់សម្រេចបានពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបានបង្កបរិយាកាសរីករាយដោយផ្ដល់ការលេងល្បែងកំសាន្តឆ្លើយសំណួរបានរង្វាន់ផងដែរ។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សាររបស់ប្រាសាក់ បានថ្លែងថា «ដោយមើលឃើញពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ប្រាសាក់បានសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រលើសកម្មភាពផ្សព្វផ្សាយនៃចំណេះដឹងនេះឱ្យបានទូលំទូលាយ។
ជាក់ស្ដែង ប្រាសាក់បានចូលរួមឧបត្ថម្ភការបោះពុម្ពផ្សាយសៀវភៅ “តោះ! និយាយពីលុយ” និងបានផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈគេហទំព័រ និងបណ្ដាញសង្គមរបស់ខ្លួនជាដើម។ យើងយល់ថា ការទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាតម្រូវការចាំបាច់បំផុត ដើម្បីជួយដល់អតិថិជនអាចជ្រើសរើសផលិតផលនិងសេវាហិរញ្ញវត្ថុបានត្រឹមត្រូវ គ្រប់គ្រងសាច់ប្រាក់បានល្អ ចេះពីរបៀបសន្សំ និងចាយវាយបានត្រឹមត្រូវ ដែលជួយដល់ការពង្រឹងនិងបង្កើនជីវភាពរស់នៅ។
បន្ថែមលើសពីនេះ យើងក៏បានបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុនេះ តាមរយៈគម្រោងបណ្ណាល័យប្រាសាក់ ជាមួយការបំពាក់សៀវភៅនានាពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុដែលអនុញ្ញាតិឱ្យសិស្សានុសិស្សអាចសិក្សាស្វែងយល់បានដោយខ្លួនឯង។ យើងតែងអនុវត្តជាប្រចាំផងដែរ ក្នុងការគាំពារអតិថិជន ដោយប្រតិបត្តិតាមបទដ្ឋាននៃគោលការណ៍ការពារអតិថិជនជាសាកល»។
លោក សូនី បន្តទៀតថា «ប្រាសាក់ពិតជាមានសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ក្នុងយុទ្ធនាការនានាសំដៅដល់ការបញ្ជ្រាបនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ។ យើងជឿជាក់ថា តាមរយៈការរួមចំណែកទាំងនេះ នឹងជួយឱ្យបរិយាប័ន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ កាន់តែមានភាពទូលំទូលាយបន្ថែមទៀត ដែលជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។
សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានឯកជន និងមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា ហើយកំពុងផ្តល់សេវាហិរញ្ញវត្ថុជាច្រើនរួមមាន សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ សេវាធនាគារចល័ត សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស និងម៉ាស៊ីនឆូតកាតនៅទូទាំងប្រទេស។
បច្ចុប្បន្ននេះ ការបង់ថ្លៃទឹក បង់ថ្លៃភ្លើង ផ្ទេរប្រាក់ទៅដៃគូជំនួញ ឬ ទៅមនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ឬ ផ្ទេរប្រាក់ទៅកាន់អ្នកគ្មានគណនី តាមរយៈសេវាធនាគារចល័ត (Mobile Banking & Internet Banking) និងម៉ាស៊ីនអេធីអឹមប្រាសាក់ មិនគិតកម្រៃសេវាឡើយ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាម៖ 023 999 911 ឬ 086 999 911 ឬ 096 9 999 911 ឬ វេបសាយ www.prasac.com.kh!