ឆេះទូកទេសចរណ៍ ដឹកអ្នកដំណេីរ នៅតាមដងទន្លេសាប ប៉ុន្តែមិនបង្កគ្រោះថ្នាក់ឡើយ
23-04-2019 19:11
(ភ្នំពេញ)៖ ទូកទេសចរណ៍មួយគ្រឿង ដែលដឹកអ្នកដំណេីរកម្សាន្តតាមដងទន្លេសាប បានឆេះអស់មួយចំនួន នៅល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅតាមដងទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប៉ុន្តែភ្លាមៗនោះសមត្ថកិច្ចជំនាញបានចេញអន្តរាគមន៍។
សន្តិសុខខណ្ឌដូនពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា មុនពេលកេីតហេតុ គាត់ឃេីញមានផ្សែងហ៊ុយៗចេញពីទូកទេសចរណ៍ដឹកអ្នកដំណេីរ បានបង្កជាអគ្គិភ័យ ភ្លាមៗនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចចេញជួយអន្តរាគមន៍តែម្តង។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចចរាចរណ៍ជេីងទឹក បានចេញអន្តរាគមន៍ ដោយបានបាញ់ទឹកពន្លត់ទៅលេីទូកដែលឆេះខាងលេី នោះឲ្យរលត់ទៅវិញ ហេីយនៅក្នុងហេតុការណ៍ឆេះទូកដឹកអ្នកដំណេីរខាងលេីនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡេីយ។
ចំពោះមូលហេតុនៃការឆាបឆេះនេះ គឺមិនទាន់អាចបញ្ជាក់បាននូវឡេីយទេថា បណ្តាលមកពីអ្វីនោះ៕