(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ និងជំរុញការផ្សព្វផ្សាយ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ស្ថាប័នរដ្ឋចំនួន៣រួមមាន៖ ធនាគារជាតិនៃកម្ពុជា, ក្រសួងកិច្ចការនារី និងក្រសួងអប់រំ យុវជន និងកីឡា បានសហការគ្នាប្ដេជ្ញាផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ លើផ្នែកហិរញ្ញវត្ថុនៅកម្ពុជាដល់ប្រជាពលរដ្ឋ។
ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាចំណេះដឹងមួយ ជួយឲ្យពលរដ្ឋចេះគ្រប់គ្រងការចំណាយប្រចាំថ្ងៃ ហើយជាកត្តាជំរុញដ៏សំខាន់ ក្នុងការជៀសផុតពីបំណុលវណ្ឌ.ក របស់ប្រជាពលរដ្ឋមានន័យថា កាលណាពលរដ្ឋចេះគ្រប់គ្រងការចំណាយរបស់ខ្លួន នោះនឹងមិនមានបំណុលឡើយ។
ថ្លែងក្នុងកម្មវិធី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា» នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា កន្លងមកក្រសួងអប់រំ បានសហការជាមួយធនាគារជាតិ ដោយបានរៀបចំ ផែនការបញ្ជូលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ លើមុខវិជ្ជាគណិតវិទ្យា, គេហសេដ្ឋកិច្ចវិទ្យា, បំណិនជីវិតតាមមូលដ្ឋាន និងមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជា ក្នុងគោលដៅលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុនៅកម្ពុជា និងបញ្ជ្រាបការចេះសន្សំលុយ ព្រមទាំងការគ្រប់គ្រងការចំណាយ ដល់កុមារដែលកំពុងសិក្សា។
លោកបន្ដថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាកត្តាគន្លឹះ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងការការពារប្រជាពលរដ្ឋផ្នែកហិរញ្ញវត្ថុ ដែលនឹងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន។ ហេតុដូច្នេះហើយបានជាការទទួលបានចំណេះដឹង ផ្នែកហិរញ្ញវត្ថុមិនមែនជាជម្រើសទៀតទេ ប៉ុន្ដែជាតម្រូវការចាំបាច់បំផុត។
សូមជម្រាបថា ស្ថាប័នរដ្ឋទាំង៣ ក៏បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ទៅវិញទៅមកលើការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជាថែមទៀតផង។
ជាមួយនឹងការចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានលោកស្រី ច័ន្ទ សូរិយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារីឲ្យដឹងថា «ក្រសួងកិច្ចការនារីចាត់ទុកថា ការយល់ដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្ដី ជាឧបករណ៍មួយសារៈសំខាន់ សម្រាប់ការចូលរួមចំណែកឈានទៅលើកកម្ពស់សមភាពយេនឌ័រ ពិសេសលើការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្ដី»។
លោកស្រីបន្ដថា ទោះបីការទទួលបានសេវាគាំទ្រផ្នែកហិរញ្ញវត្ថុ មិនមែនជាមធ្យោបាយតែមួយ សម្រាប់ការអភិវឌ្ឍន៍អាជីវកម្ម និងការរស់នៅប្រចាំថ្ងៃរបស់គ្រួសារ ប៉ុន្ដែសមត្ថភាពផ្នែកហិរញ្ញវត្ថុ ជាចំណែកដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍អាជីវកម្ម និងគ្រួសារប្រចាំថ្ងៃ។
លោកស្រីបញ្ជាក់ថា «នៅកម្ពុជាស្រ្ដីតែងតែត្រូវបានចាត់ទុកថា ជាមនុស្សសំខាន់ក្នុងការរក្សា និងគ្រប់គ្រងថវិកាក្នុងគ្រួសារ ហើយនៅពេលស្រ្ដីមានចំណេះដឹងផ្នែកហិរញ្ញវត្ថុល្អប្រសើរ នឹងជួយឲ្យតួនាទីរបស់ស្រ្ដី ក្នុងការគ្រប់គ្រងថវិកាក្នុងគ្រួសារ ឲ្យកាន់តែមានភាពសំខាន់ ក្នុងការប្រើប្រាស់ និងមានភាពល្អប្រសើរជាងមុន»។
លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាឲ្យដឹងថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុសំដៅលើចំណេះដឹង និងជំនាញគ្រប់គ្រងក្នុងការចាត់ចែង និងការធ្វើការផ្នែកហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ និងឆ្លាតវៃ។ ចំណេះដឹង និងជំនាញនេះ ជាផ្នែកសំខាន់មួយនៃជីវិត និងជីវភាពរស់នៅរបស់ប្រជាជន។
លោកស្រីបន្ដថា «ជាទូទៅប្រជាជនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងមានសមត្ថភាពសម្រេចចិត្តបាន ប្រសើរជាងប្រជាជនដែលពុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ នឹងរួមចំណែកលើកកម្ពស់កម្រិតបរិយាប័ន្នហិរញ្ញវត្ថុ ដោយជំរុញឲ្យប្រជាជនអាចទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការឲ្យបានកាន់តែច្រើន»។
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ឲ្យដឹងថា ការចុះ MoU រវាងធនាគារជាតិ និងក្រសួងកិច្ចការនារីនេះ ដើម្បីចូលរួមចំណែកជំរុញផ្នែកយល់ដឹងហិរញ្ញវត្ថុ ដល់សហគ្រិនស្រ្ដី និងប្រជាជនជាស្រ្ដីឲ្យយល់ច្បាស់ពី ការគ្រប់គ្រងហិរញ្ញវត្ថុនេះផងដែរ។
លោកស្រ្ដីបន្ដថា «កត្តាដែលជំរុញឲ្យធនាគារជាតិ ផ្ដោតសំខាន់លើស្រ្ដី ព្រោះតាមរយៈការសិក្សាជាច្រើនបញ្ជាក់ថា ស្រ្ដីបើមានធនធាន គឺចាយវាយច្រើនទៅលើគ្រួសារ លើការអប់រំកូនជាដើម។ ចំណែកឯបុរសវិញចាយវាយលើការសិក្សា, លើសុខាភិបាលកូន តែចំណែកនៃការចំណាយរបស់បុរសមានតិចជាងស្រ្ដី។ កត្តាទាំងនេះដែលយើងចង់ជំរុញឲ្យ លទ្ធភាពស្រ្ដីឲ្យមានភាពរឹងមាំ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចក្នុងគ្រួសារ»៕