(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ ម.ក បានទទួលការអនុញ្ញាតជាដៃគូយុទ្ធសាស្ត្រ ជាមួយធនាគារជាតិនៃកម្ពុជា ក្នុងកម្មវិធី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយចំណេះដឹង ដល់ប្រជាពលរដ្ឋខ្មែរ ឱ្យកាន់តែយល់ច្បាស់អំពីការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព។
ជាផ្នែកមួយនៃកម្មវិធីនេះ ធនាគារ ព្រីនស៍ ម.ក នឹងចាប់ផ្តើមយុទ្ធនាការមួយដែលមានឈ្មោះថា «ខ្ញុំ និងលុយខ្ញុំ» ដែលនឹងមានការផលិតជាកម្រងវីដេអូផ្សព្វផ្សាយអប់រំខ្លីៗ, យុទ្ធនាការតាមរយៈបណ្តាញសង្គម, វិទ្យុ, ទូរទស្សន៍ និងផលិតជាសម្ភារផ្សព្វផ្សាយជំនួយដល់កម្មវិធីនេះផងដែរ។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងជាអភិបាលគ្រប់គ្រងធនាគារ ព្រីនស៍ ម.ក បានថ្លែងថា «សេដ្ឋកិច្ចកម្ពុជា កំពុងបន្តមានការរីកចម្រើនជាលំដាប់ ដែលជាកត្តាអំណោយផលទាក់ទាញ និងផ្តល់នូវសក្តានុពលចំពោះការវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុ ដូចជាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងវិស័យហិរញ្ញវត្ថុផ្សេងៗទៀត។
តាមរយៈនេះ ប្រជាពលរដ្ឋខ្មែរយើងនឹងទទួលបាននូវផលិតផល និងសេវាកម្មផ្នែកហិរញ្ញវត្ថុកាន់តែសម្បូរបែប ក្នុងស្ថានភាពនេះធនាគារ ព្រីនស៍ ម.ក ចង់ឱ្យពលរដ្ឋខ្មែរ ជាពិសេសយុវវ័យ ដើម្បីឱ្យបានយល់ដឹងកាន់តែប្រសើរ និងត្រៀមខ្លួន ដើម្បីអាចទទួលយក និងប្រើប្រាស់ផលិតផល និងសេវាកម្មផ្នែកហិរញ្ញវត្ថុ កាន់តែទទួលបានអត្ថប្រយោជន៍ និងសុវត្ថិភាពខ្ពស់ និងអាចបំពេញនូវតំរូវការសេដ្ឋកិច្ចរបស់វិនិយោគិន និងសង្គមគ្រួសាររបស់ខ្លួន។
កម្មវិធីនេះ នឹងផ្តល់ជាបទពិសោធន៍ និងចំណេះដឹងទូទៅថ្មីៗទាក់ទងនឹងប្រធានបទហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ ដោយផ្តោតលើចំណុចសំខាន់ៗ ៤ គឺ៖ ចំណូល ចំណាយ សន្សំ និងកម្ចី»។
ធនាគារ ព្រីនស៍ ម.ក ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ នៅក្នុងកម្មវិធី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា» ជាមួយធនាគារជាតិ នៃកម្ពុជា នឹងចូលរួមជាមួយបណ្តាធនាគារ និងវិស័យហិរញ្ញវត្ថុផ្សេងៗទៀត ដែលនឹងជួយគាំទ្រកម្មវិធីនេះឱ្យសម្រេចបាននូវគោលដៅរួមមួយ ដើម្បីលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ ដែលជាផលប្រយោជន៍សម្រាប់ទាំងអស់គ្នា គឺពលរដ្ឋខ្មែរយើង សេដ្ឋកិច្ច និងប្រទេសកម្ពុជាយើងទាំងមូល។
កន្លងមកធនាគារ ព្រីនស៍ ម.ក បានធ្វើសកម្មភាពរួចមកហើយ នូវសកម្មភាពផ្សព្វផ្សាយអំពីការប្រើប្រាស់ហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពតាមរយៈ ក្រុមការងារប្រឹក្សាជូនអតិថិជន និងការចូលរួមបោះពុម្ពនូវសៀវភៅ ដែលមានចំណងជើងថា តោះៗ និយាយអំពីលុយ ដែលរៀបចំដោយធនាគារជាតិ នៃកម្ពុជា។
ទោះបីជាវាគ្រាន់តែជាការចូលរួមចំណែកដ៏តូចក៏ដោយ យើងមានមោទនភាព ក្នុងការគាំទ្រដល់ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ ដើម្បីជំរុញឱ្យសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង៕