គម្រោងវិនិយោគរោងចក្រផលិតស្បែកជើង និងកាត់ដេរសម្លៀកបំពាក់ថ្មីចំនួន២ទៀត សរុបទុនវិនិយោគ៨លានដុល្លារ ត្រូវបាន CDC អនុម័តឲ្យដំណើរការ !
23-04-2019 16:33
(ភ្នំពេញ)៖ គម្រោងរោងចក្រផលិតស្បែកជើង និងរោងចក្រកាត់ដេរសម្លៀកបំពាក់ សរុបទុនវិនិយោគតម្លៃជាង៨លានដុល្លារអាមេរិក និងបង្កើតការងារថ្មី ជូនប្រជាពលរដ្ឋបានជាង៤ពាន់កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការ។
CDC បានចុះផ្សាយលើ Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ HENG SIM FOOTWEAR CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,២២៨កន្លែង។
២៖ XINRUI (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២២១កន្លែង៕