(ភ្នំពេញ)៖ អាជីវកម្មទើបបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យារបស់កម្ពុជា កំពុងតែមានភាពរស់រវើក និងពោរពេញដោយថាមពល រួមជាមួយវប្បធម៌សហគ្រិនភាព និងឱកាសជាច្រើនសម្រាប់សហគ្រិននានា ។
បើយោងតាមរបាយការណ៍ស៊ីជម្រៅបំផុតមួយ (តំណទាញយក) ដែលរៀបរៀងឡើងដោយក្រុមហ៊ុន Mekong Strategic Partners និងក្រុមហ៊ុន Raintree ដោយមានការគាំទ្រពីមូលនិធិក្រុមប្រឹក្សា កសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ (CBRD) និងត្រូវបានដាក់ឲ្យចេញផ្សាយជាផ្លូវការ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឯពិពណ៌ឌីជីថលកម្ពុជា កាលពីពេលថ្មីៗនេះ ។
សាធារណជន និងសហគមន៍បច្ចេកវិទ្យា ត្រូវបានបង្ហាញឲ្យមើលឃើញពីចំណុចសំខាន់ៗ ក្នុងរបាយការណ៍នេះកាលពីខែតុលា ឆ្នាំ២០១៨ អំឡុងពេលនៃកិច្ចប្រជុំកំពូល ស្តីពីបច្ចេកវិទ្យាកម្ពុជា នៅរាជធានីភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ លោកត្រាំ អ៊ីវតឹក បានថ្លែងថា៖ «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំបង្កើតគោលនយោបាយមួយ ដែលនឹងជួយជំរុញការច្នៃប្រឌិត និងលើកកម្ពស់វិស័យអាជីវកម្មបច្ចេកវិទ្យាដែលទើបបង្កើតថ្មី និងសហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងផ្តល់ឱកាសដល់យុវជនកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យមានភាពចំរុះនៃសេដ្ឋកិច្ចកម្ពុជា និងត្រៀមរៀបចំសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។
រដ្ឋមន្ដ្រីបន្ដថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលតាមរយៈមូលនិធិកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ ក្រសួងពហុជំនាញ សហគមន៍បណ្តុះបណ្តាលនានា វិស័យឯកជន និងសហគមន៍អាជីវកម្មដែលទើបបង្កើតថ្មីនេះ កម្ពុជា អាចបង្ហាញពីទិដ្ឋភាពនៃការរីកចម្រើនមិនធ្លាប់មានពីមុនមករបស់ក្រុមហ៊ុនអាជីវកម្មឌីជីថលទើបបង្កើតថ្មី ព្រមទាំងយល់ច្បាស់ពីអ្នកមានលទ្ធភាពសម្រាប់ថ្ងៃអនាគត»។
របាយការណ៍ ដែលប្រមូលផ្តុំនូវទស្សនៈរបស់ភាគីពាក់ព័ន្ធ ក្នុងវិស័យអាជីវកម្មបច្ចេកវិទ្យាបង្កើតថ្មីជាង១២០នាក់ នេះបានបង្ហាញឲ្យឃើញពីទិដ្ឋភាព នៃវិស័យអាជីវកម្មបច្ចេកវិទ្យាទើបបង្កើតថ្មី និងការវិវឌ្ឍរបស់វិស័យបច្ចេកវិទ្យាឌីជីថល ក្នុងរយៈពេល៣ ទៅ៤ឆ្នាំកន្លងមកនេះ ព្រមទាំងបង្ហាញមូលដ្ឋានគ្រឹះ ដែលត្រូវការជាចាំបាច់ ដើម្បីជួយជំរុញឲ្យវិស័យសហគ្រិនឌីជីថលដ៏រឹងមាំមួយ។
របាយការណ៍នេះ សបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជា មានសក្ដានុពលក្នុងការបង្កើតបរិស្ថានជាវិជ្ជមានមួយ សម្រាប់ក្រុមហ៊ុនអាជីវកម្មដែលទើបបង្កើតថ្មី ដើម្បីអភិវឌ្ឍខ្លួនកាន់តែរីកចម្រើន និងដោះស្រាយនូវតំរូវការដ៏ចាំបាច់មួយចំនួនរបស់សេដ្ឋកិច្ច ហើយវិស័យមួយចំនួនដែលមិនទាន់មានការអភិវឌ្ឍន៍ ក៏ទទួលបាននូវឱកាសសម្រាប់បង្កើតការច្នៃប្រឌិតថ្មី និងការរីលូតលាស់ទៅមុខផងដែរ។
ការរីកចម្រើននៃការវិនិយោគ ក្នុងវិស័យអាជីវកម្មដែលទើបបង្កើតថ្មី ក៏ត្រូវបានដាក់បង្ហាញនៅក្នុងរបាយការណ៍មួយនេះផងដែរ ដោយគូសបញ្ជាក់ថា ចំនួនវិនិយោគក្នុងអាជីវកម្មទើបង្កើតថ្មី ដែលត្រូវបានបង្ហាញជាសាធារណៈ បានកើនឡើងទ្វេដងចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៨។ លើសពីនេះទៀត ក្រុមហ៊ុនសាជីវកម្ម កំពុងតែបង្ហាញពីការគាំទ្រ និងការចាប់អារម្មណ៍បន្ថែមទៀតក្នុងអាជីវកម្មទើបបង្កើតថ្មី ដើម្បីជំរុញឲ្យមានការច្នៃប្រឌិត និងជំរុញវិស័យឌីជីថល ស្របពេលដែលវិស័យបច្ចេកវិទ្យា ត្រូវបានកំណត់ថា ជាវិស័យដ៏សំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ ភស្ដុតាងជាក់ស្តែង រួមមានការពិភាក្សាដ៏ទូលំទូលាយនៃការអនុវត្តបទបញ្ជា និងការបង្កើតកម្មវិធីគោលនយោបាយជាច្រើនដោយពហុក្រសួង។
រដ្ឋមន្ត្រីបានថ្លែងបន្ថែមទៀតថា «វិស័យបច្ចេកវិទ្យាឌីជីថល ដែលជាវិស័យដ៏ស្ងប់ស្ងាត់មួយនោះ បានរីកលូតលាស់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើទោះបីមានសន្ទុះជាវិជ្ជមានក្នុងវិស័យនេះក៏ដោយ ប៉ុន្តែវិស័យបច្ចេកវិទ្យាឌីជីថល នៅតែបន្តមានសក្តានុពល ហេតុនេះហើយបានជារបាយការណ៍នេះ ផ្តល់នូវមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ភាគីពាក់ព័ន្ធជាច្រើន ដើម្បីជួយជំរុញកម្ពុជាឲ្យចូលទៅក្នុងយុគសម័យឌីជីថល»។
របាយការណ៍នេះ ក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈម ដែលក្រុមហ៊ុនឌីជីថលទើបបង្កើតថ្មី នឹងត្រូវជួបប្រទះផងដែល ជាពិសេស ទាក់ទងនឹងកង្វះខាតជំនាញ និងបទពិសោធន៍នៃកម្លាំងពលកម្ម ហើយអ្នកជំនាញដែលមានបទពិសោធន៍ និងមានចំណេះដឹងខាងបច្ចេកទេសស៊ីជម្រៅ ឬបទពិសោធច្បាស់លាស់ នៅតែមានកម្រិតនៅឡើយ។
ការណែនាំវិនិយោគិនឲ្យស្គាល់ក្រុមហ៊ុនដែលមានសមត្ថភាពក្នុងកាទទួលការវិនិយោគ ក៏ត្រូវបានចាត់ទុកថា ជាបញ្ហាប្រឈមដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាផងដែរ ជាពិសេសគឺការធានាឲ្យបានថា អាជីវកម្មដែលទើបបង្កើតថ្មីនោះមានសុវត្ថិភាពក្នុងកាវិនិយោគ។
សរុបសេចក្តីមក របាយការណ៍នេះ ដាក់ជាសំណើរនូវដំណោះស្រាយ បែបពហុភាគី ដើម្បីកំណត់គោលនយោបាយនាពេលអនាគត សម្រាប់វិស័យអាជីវកម្មបច្ចេកវិទ្យាបង្កើតថ្មី បង្កើតបរិយាកាសអាជីវកម្មដ៏ល្អបំផុតមួយ និងអភិវឌ្ឍទេពកោសល្យ ក្នុងវិស័យបច្ចេកវិទ្យាអាជីវកម្មបង្កើតថ្មី។
គម្រោងសិក្សាស្ថានភាព និងរៀបចំរបាយការណ៍នេះឡើង គឺជាសំណើរបង្កើតឡើងរួមគ្នាដោយវិទ្យាស្ថាន NIPTICT និង ក្រុមហ៊ុន Smart Axiata ហើយបានទទួលថវិកាអនុវត្តពីមូលនិធិ ស.អ. និងបានចាប់ផ្តើមអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ២០១៨មកម្ល៉េះ។ គួរបញ្ជាក់ថានាចុងឆ្នាំ ២០១៧ ក្រុមប្រឹក្សាភិបាល កសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ (CBRD) បានចេញផ្សាយផែនការរយៈពេលពីរឆ្នាំ (២០១៧- ២០១៨)របស់ខ្លួន ដែលបង្ហាញពីតំរូវការជាបន្ទាន់ សម្រាប់ស្វែងយល់ កាន់តែប្រសើរអំពីបច្ចុប្បន្នភាព នៃអាជីវកម្មបច្ចេកវិទ្យាដែលទើបបង្កើតថ្មីក្នុងប្រទេសកម្ពុជា សម្រាប់បន្តរៀបចំគោលនយោបាយគាំទ្រនានាបន្ថែមទៀត៕