(ភ្នំពេញ)៖ អ្នកជំនាញមកពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) អង្គការសុខភាពពិភពលោក និងអង្គការចលនាដើម្បីសុខភាពកម្ពុជា បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់បន្ថែម ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាលើសពី២លាននាក់ បានប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងនោះមានអ្នកជក់បារីជាង ១.៥លាននាក់ និងអ្នកចុកថ្នាំជក់ជិត ០.៥លាននាក់។ រីឯការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវជន ក៏កំពុងកើនឡើងដែរ។ នេះបើយោងតាមការលើកឡើងរួមគ្នារបស់អ្នកជំនាញ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសាន់វេ។

លោកវេជ្ជបណ្ឌិត Ulysses Dorotheo នាយកប្រតិបត្តិសម្ព័ន្ធ SEATCA បានថ្លែងថា «គោលនយោបាយពន្ធលើថ្នាំជក់ ត្រូវបានពង្រឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែគោលនយោបាយទាំងនេះ ពុំទាន់ឆ្លើយតបទាំងស្រុង ចំពោះការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងការបង្កើនប្រាក់ចំណូលពន្ធរបស់រាជរដ្ឋាភិបាល សម្រាប់កម្មវិធីអភិវឌ្ឍសង្គមនៅឡើយ។ កម្ពុជាហូតពន្ធតែ ២៥% ទៅ ៣០% ធៀបនឹងតម្លៃលក់រាយរាល់ផលិតផលថ្នាំជក់ ហើយកម្ពុជាស្ថិតក្នុងចំណោប្រទេស ដែលមានអត្រាពន្ធលើថ្នាំជក់ទាបជាងគេបំផុតក្នុងបណ្តាប្រទេសអាស៊ាន»។

នាយកប្រតិបត្តិសម្ព័ន្ធ SEATCA បានថ្លែងបន្ដថា ប្រជាពលរដ្ឋក្រីក្រជាអ្នកងាយរងគ្រោះបំផុត ពីការផលិតផលថ្នាំជក់ និងការជក់បារីនេះ ព្រោះបារីថោក ឬមានតម្លៃទាប និងធ្វើឱ្យពួកគាត់ មានលទ្ធភាពក្នុងការទិញមកជក់កាន់តែច្រើន ដោយសារពួកគាត់ មិនទាន់មានការយល់ដឹងពីផលប៉ះពាល់នៃបារី និងថ្នាំជក់នេះ។

ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោក បានថ្លែងផងដែរថា «ដូច្នេះការដំឡើងពន្ធថ្នាំជក់ឱ្យខ្ពស់ គឺជាវិធានការដែលមានប្រសិទ្ធភាព ដែលវិធានការនេះ ត្រូវបានផ្តល់អនុសាសន៍ ដោយអង្គការសុខភាពពិភពលោកថា ជាវិធានការឈ្នះឈ្នះ ព្រោះមិនតម្រូវឱ្យរាជរដ្ឋាភិបាលចំណាយអ្វីទាំងអស់។ ផ្ទុយទៅវិញ វាបានផ្តល់នូវប្រាក់ចំណូលពន្ធសម្រាប់ទ្រទ្រង់ការថែទាំសុខភាពប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងកាត់បន្ថយអ្នកជក់បារី និងបង្ការកុំឱ្យមានជំងឺ ដែលបង្កដោយថ្នាំជក់នោះ ជាការបង្ការកុំឱ្យមានអ្នកស្លាប់ និងទទួលបានប្រាក់ចំណូលពន្ធបន្ថែម»។

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ក៏បានថ្លែងបញ្ជាក់ថា «អ្នកជំនាញផ្នែកសុខភាព និងសេដ្ឋកិច្ច បានឯកភាពគ្នាថា យើងអាចទទួលបានផលប្រយោជន៍សុខភាពសាធារណៈបាន លុះត្រាតែពន្ធលើផលិតផលថ្នាំជក់ ត្រូវបានគេដំឡើងជាទៀងទាត់ ឱ្យទាន់កំរិតអតិផរណា និងការកើនឡើងនៃប្រាក់ចំណូលក្នុងគ្រួសារ។ រាជរដ្ឋាភិបាល គួរតែមានទិសដៅធ្វើយ៉ាងណា ឱ្យផលិតផលថ្នាំជក់មានតម្លៃថ្លៃ ដើម្បីកាត់បន្ថយការប្រើប្រាស់»។

លោកបន្ដថា ការសិក្សាបានបង្ហាញថា ប្រជាពលរដ្ឋមានលទ្ធភាពទិញបារី២ដងច្រើនជាង បើប្រៀបធៀបរវាងឆ្នាំ ២០១៦ ទៅនឹងឆ្នាំ២០០២។ ការអង្កេតលើមតិយុវជន ដែលធ្វើឡើងដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០១៨ បានបង្ហាញថា យុវជនភាគច្រើន នឹងឈប់ទិញបារីជក់ បើតម្លៃបារីឡើងដល់ ១០,០០០រៀលក្នុង១កញ្ចប់។ បារីដែលមានពេញនិយមជាងគេ មានតម្លៃត្រឹមតែ ២០០០រៀលប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ ។

ការប្រើប្រាស់ថ្នាំជក់ នៅតែជាមូលហេតុចម្បងដែលបណ្តាលឱ្យស្លាប់ ដែលអាចជៀសវាងបាននៅក្នុងពិភពលោក។ នៅកម្ពុជា ប្រជាពលរដ្ឋប្រមាណ ១០,០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺ ដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ខណៈដែលការព្យាបាលជំងឺទាំងនេះ ត្រូវចំណាយយ៉ាងហោចណាស់ ក៏១៦២.៧០លានដុល្លារក្នុង១ឆ្នាំៗ។ អ្នកស្លាប់ទាំងនោះ ដោយជំងឺមហារីកសួត ដាច់សរសៃឈាមខួរក្បាល មហារីមាត់ ជំងឺគាំងបេះដូង ក្រិនសរសៃឈាម មហារីក្រពះ មហារីកប្លោកនោមជាដើម ។

សូមជម្រាបថា ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវបានអនុម័តនៅឆ្នាំ២០១៥ ចង្អុលបង្ហាញវិធានការសំខាន់ៗ ពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់ និងការកាត់បន្ថយតម្រូវការថ្នាំជក់ រួមទាំងវិធានការពន្ធដារផងដែរ ដោយសមស្របជាមួយនឹងអនុសញ្ញា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅឆ្នាំ២០០៥ ៕