Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យទំនិញនៅផ្សារស្ទឹង និងផ្សារចុងជាច ខេត្តត្បូងឃ្មុំ, រកឃើញទឹកស៊ីអ៊ីវ និងភេសជ្ជៈខូចគុណភាពជិត១០០ដប

23-04-2019 15:56

(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខភាពជូនប្រជាពលរដ្ឋជាអ្នកទទួលទាន ដែលបរិភោគផលិតផលម្ហូបអាហារ ដាក់លក់លើទីផ្សារ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព និងសុវត្ថិភាពទំនិញ នៅផ្សារចំនួន២ គឺផ្សារស្ទឹង ស្ថិតក្នុងស្រុកពញាក្រែក និងផ្សារចុងជាច ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងប្រតិបត្តិការនោះ លោក មាស មោរ៉ា រួមជាមួយមន្ត្រីជំនាញ ចុះទៅកាន់ផ្សារស្ទឹង ក្នុងស្រុកពញាក្រែក ត្រួតពិនិត្យទៅលើ បង្គារ និងមឹកក្លាស្សេ ដោយប្រើឧបករណ៌តេស្តឃីដ ដើម្បីរកវត្តមានសារធាតុគីមីហាមឃាត់ ហ្វ័រម៉ាលីន និងធ្វើតេស្តបឋមទៅលើត្រីងៀតសំយ៉ុង ដើម្បីស្វែងរកសារធាតុគីមី បូរ៉ាក់ (ទឹកអន្សារ) ដែលប៉ះពាល់សុខភាពអ្នកទទួលទាន។ ជាលទ្ធផលពុំឃើញវត្តមានសារធាតុគីមី ដែលគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលទាននោះទេ។ ទន្ទឹមនោះ មន្ត្រីកាំកុងត្រូល ក៏បានយកគំរូស្ករត្នោត ចំនួន ០៤គំរូ ដើម្បីបញ្ជូនទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូលជាបន្តផងដែរ។

នៅថ្ងៃដដែលនេះ លោក មាស មោរ៉ា រួមជាមួយមន្ត្រីជំនាញ បានបន្តចុះទៅត្រួតពិនិត្យគុណភាពទំនិញ ស្លាកសញ្ញា សំបកវេចខ្ចប់ និងកាលបរិច្ឆេទប្រើប្រាស់ជាដើម លើមុខទំនិញដាក់លក់ក្នុងផ្សារចុងជាច ក្នុងស្រុកតំបែរ ជាលទ្ធផលមន្ត្រីកាំកុងត្រូលបានរកឃើញ និងដកហូតភេសជ្ជ:ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ បានមួយចំនួន ដើម្បីយកទុកកម្ទេចចោល រួមមាន ទឹកស៊ីអ៊ីវ ចំនួន១០ដប និងភេសជ្ជៈចំរុះរួមមាន ទឹកក្រូច ទឹកដោះគោ តែក្រូចឆ្មារ ចំនួន៦២ដប និង២៣កំប៉ុង។

ជាមួយគ្នានោះ លោក មាស មោរ៉ា រួមទាំងមន្ត្រីកាំកុងត្រូល បានបិទ Poster ពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ព្រមទាំងធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាតទំនិញ ដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕