(បន្ទាយមានជ័យ)៖ ក្រោយពីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តភារកិច្ច និងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុកអាណត្តិទី៣រួចមក ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន តំណាងរាស្រ្ត និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តចុះសួរសុខទុក្ខ និងនាំអំណោយរបស់របស់កាកបាទក្រហមសាខាខេត្តបន្ទាយមានជ័យ និងអំណោយផ្ទាល់ខ្លួនទៅចែកជូន ពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅឃុំសារង្គ ស្រុកស្វាយចេក ចំនួន៧២គ្រួសារ និងនៅឃុំទានកាំ ស្រុកព្រះនេត្រព្រះ ចំនួន២៩គ្រួសារ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិមាន សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេច ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកមរណទុក្ខជូនចំពោះគ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត និងសំណូមពរឲ្យប្រជាពលរដ្ឋមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗ ហើយបានណែនាំឲ្យកម្លាំងគ្រប់ប្រភេទ រួមមាន កម្លាំងនគរបាល យោធា និងកងរាជអាវុធហត្ថ ចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។
ជាមួយនឹងគិតគូរសុខទុក្ខ លោក កែ គឹមយ៉ាន បាននាំយកអំណោយរបស់សាខាកាកបាទក្រហមសាខា ខេត្តបន្ទាយមានជ័យ ចែកជូន ប្រជាពលរដ្ឋទាំង២ឃុំ សរុបចំនួន១០១គ្រួសារ ក្នុង១គ្រួសារទទួលបាន ឃីត១រួមមាន ៖ អង្ករ២៥គីឡូ ត្រីខ១០កំប៉ុង មី១កេស ប្រេងឆា១លីត្រ ទឹកស៊ីអ៊ីវ៣ដប នំធុង១ធុង ទឹកសុទ្ធ១កេស មុង១ សារុង២ ក្រម៉ា២ ភួយ១ ថវិកា៥ម៉ឺនរៀល ។
លោកក៏បាននាំយកអំណោយផ្ទាល់ខ្លួនឧបត្ថម្ភជូន អាគារទីចាត់ការ១ខ្នង និងអាគារសិក្សា១ខ្នងមាន៥បន្ទប់ នៅសាលាបឋមសិក្សាសារង្គ ឃុំសារង្គ ស្រុកស្វាយចេក, ឧបត្ថម្ភកងកម្លាំង(បីអង្គភាព ) ស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ ថវិកាសរុប៤លានរៀល និងឧបត្ថម្ភ សាលាបឋមសិក្សាសារង្គ ៥០ម៉ឺនរៀល៕