(ថៃ)៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៥ ដែលរៀបចំឡើងនៅសណ្ឋាគារ Angsana Laguna Phuket នៅកោះភូកេត ប្រទេសថៃ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជានៅល្ងាចថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែ
មេសា ឆ្នាំ២០១៩ បានចូលរួមកិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC) និងប្រជុំពិសាអាហារការងារពេលល្ងាចថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន។
កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន មានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំង១០ អគ្គលេខាធិការអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងតំណាង ASEAN BAC ដោយផ្តោតសំខាន់លើការពង្រឹងអាស៊ាន ៤.០ ជាពិសេសសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម គោលនយោបាយ និងធនធានមនុស្ស, កិច្ចសម្រួលពាណិជ្ជកម្ម និងការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។
នាយប់ថ្ងៃចន្ទនោះ លោករដ្ឋមន្រ្តី ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសាអាហារការងារពេលល្ងាចថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានដឹកនាំដោយលោកស្រី Chutima Bunyapraphasara រដ្ឋមន្ត្រីស្តីទីនៃក្រសួងពាណិជ្ជកម្មថៃ និងមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមមន្ត្រី និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន អគ្គលេខាធិការអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន។
រដ្ឋមន្រ្តីទាំងអស់បានពិនិត្យ និងអនុម័តលើវិស័យសេដ្ឋកិច្ចជាអាទិភាពរបស់ប្រទេសថៃ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសម្រាប់ចីរភាព» ដែលផ្តោតទៅលើការរៀបចំខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ ពង្រឹងការតភ្ជាប់អាស៊ានតាមរយៈពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាស៊ាន។
កិច្ចប្រជុំក៏បានពិនិត្យ និងឯកភាពលើការទទួលស្គាល់ទៅវិញទៅមកស្តីពីយានយន្ត និងយន្តការដោះស្រាយជម្លោះដែលត្រូវបានកែសម្រួល។ កិច្ចប្រជុំក៏បានពិភាក្សាលើសំណើបង្កើតសហគមន៍អាស៊ីខាងកើត ក៏ដូចជាការចូលរួមវិភាគទានដល់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត (ERIA) ផងដែរ។
ក្នុងកិច្ចប្រជុំនោះលោករដ្ឋមន្រ្តីក៏បានជម្រាបអំពីសំណើរបស់កម្ពុជា ក្នុងស្នើសុំឲ្យមានសេចក្តីប្រកាសរួមអាស៊ានស្តីពីការដាក់វិធានការការពាររបស់សហភាពអឺរ៉ុបមកលើអង្ករ Indica កម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់ការនាំចេញអង្កររបស់កម្ពុជា និងស្នើឲ្យប្រទេសជាសមាជិកអាស៊ានណែនាំស្ថានបេសកកម្មរបស់ខ្លួនប្រចាំអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចេញសេចក្តីប្រកាសគាំទ្រកម្ពុជា។ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានឯកភាព និងគាំទ្រសំណើរបស់របស់កម្ពុជានេះ៕