(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយគ្រាប់បែកនៅក្នុងប្រទេសស្រីលង្កា ដែលកើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ បណ្តាលឱ្យមានមនុស្សស្លាប់រហូតពេលនេះកើនដល់៣១០នាក់ និងរបួសរហូតដល់ជាង៥០០នាក់។

ការថ្កោលទោសរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅមជ្ឍមណ្ឌល និងពិពណ៌ក្រោះពេជ្រ។

ក្នុងឱកាសនោះ បន្ទាប់ពីប្រកាសថ្កោលទោសករណីវាយប្រហារដ៏កាចសាហាវ នៅប្រទេសស្រីលង្កា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តាំដល់កងកម្លាំងប្រដាប់អាវុធកម្ពុជាផងដែរ ដោយមិនត្រូវមើលស្រាលចំពោះស្ថានការណ៍ក្នុងប្រទេសនោះឡើយ គឺត្រូវយកចិត្តទុកដាក់ទប់ស្កាត់ធ្វើយ៉ាងណា កុំឱ្យមានការវាយប្រហារដោយកម្លាំងភេរវកម្ម។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរថា សម្តេចកំពុងពិនិត្យមើល តើអំពើភេរវកម្មនៅស្រីលង្កា វាយប្រហារទៅលើវីហាររបស់គ្រឹស្ត មានអ្វីទាក់ទងជាមួយការវាយប្រហារទៅលើវិហារឥស្លាម នៅក្នុងប្រទេសញូវហ្សេឡែនដែរ ឬទេ?

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំក៏សុំយកឱកាសនេះ ថ្កោលទោសអំពើភេរវកម្មដែលបានកើតឡើងនៅប្រទេសស្រីលង្កា ប៉ុន្តែរឿងនេះយើងកំពុងតែពិនិត្យថា តើមានទំនាក់ទំនងអ្វីជាមួយនឹង ភេរវកម្មនៅញូវហ្សេឡែនឬអត់»?

សម្តេចបន្តថា «កាលពីប៉ុន្មានខែមុន នៅញូវហ្សេឡែនក៏មានការវាយប្រហារស្លាប់មនុស្សយ៉ាងច្រើន ហើយពេលនោះវាយចំព្រះវិហារសាសនាឥស្លាម ដល់វាយនៅស្រីលង្កា វាយទៅលើព្រះវិហារសាសនាគ្រឹស្តទាំងអស់។ អញ្ចឹងតើមានទំនាក់ទំនងអ្វីទេ? យើងមិនទាន់ហ៊ានសន្និដ្ឋាន ដោយសារមិនទាន់ក្រុមណាមួយចេញមុខ មកទទួលខុសត្រូវក្នុងការវាយប្រហារ គ្រាន់តែឧបករណ៍បញ្ជាឱ្យផ្ទុះរកឃើញជាង៨០គ្រឿងឯណោះជាចំនួនមួយមិនតូចទេ ដែលពួកភេរវកម្មធ្វើសកម្មភាពវាយប្រហារ»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា បទពិសោធន៍នៅស្រីលង្កា និងនៅញូវហ្សេឡែន គឺជាមេរៀនសម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងទៅលើអាវុធជាតិផ្ទុះ ឱ្យបានហ្មត់ចត់បំផុត។ សម្តេចបានថ្លែងថា ការបើកទូលាយក្នុងការប្រើប្រាស់អាវុធ គឺជាការបំផ្លាញសេចក្តីរបស់ប្រជាពលរដ្ឋទៅវិញទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «បទពិសោធន៍នៅស្រីលង្កា និងនៅញូវហ្សេឡែន ក៏ផ្តល់មេរៀនកាន់តែច្រើនសម្រាប់កម្ពុជាយើងថា ត្រូវបន្តគ្រប់គ្រងឱ្យ បានហ្មត់ចត់ ទៅលើការប្រើប្រាស់អាវុធជាតិផ្ទុះ សេរីភាពហួសហេតុទៅលើការប្រើអាវុធ ប្រើជាតិផ្ទុះ គឺមិនមែនជាសេរីភាពសម្រាប់ក្តីសុខ របស់ប្រជាពលរដ្ឋទេ។ ប្រទេសខ្លះបាញ់គ្នាស្ទើររាល់ឆ្នាំ បាញ់កូនសិស្ស បាញ់អ្វីៗដោយសារតែរឿងអាវុធហ្នឹង ប៉ុន្តែកម្ពុជាសុំតឹងតែងបន្តិចហើយ។ តឹងតែងប៉ុណ្ណឹងហើយ គង់មានបញ្ហាអ្នកខ្លះ ដកអាវុធភ្ជង់គេ ទៅកើតរឿងដោយសារអាវុធហ្នឹង»

សូមបញ្ជាក់ថា ប៉ូលីសស្រីលង្កា បានរកឃើញឧបករណ៍ចុចបញ្ជាឲ្យគ្រាប់បែកផ្ទុះជាង ៨០គ្រឿង នៅឯចំណតរថយន្ដក្រុងដ៏សំខាន់មួយក្នុងទីក្រុងកូឡុំបូ (Colombo) ដែលជា ទីក្រុងធំបំផុតរបស់ស្រីលង្កា។ ការរកឃើញឧបករណ៍ចុចបញ្ជាបំផ្ទុះគ្រាប់បែកខាងលើ កើតមានឡើងបន្ទាប់ពីការមានការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកសម្លាប់ជីវិតមនុស្ស ៣១០នាក់ និងរបួសជាង៥០០នាក់។

លើសពីនេះទៅទៀត អាជ្ញាធរស្រីលង្កាក៏បានដាក់នូវបម្រាមគោចរជាលើកទី២ សម្រាប់ប្រជាជននៅក្នុងទីក្រុង Colombo ផងដែរ ស្របពេលប្រធានាធិបតីលោក ម៉ៃស្រ៉ីផាឡា ស៉ីរីសេណា (Maithripala Sirisena) នឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្នថ្នាក់ជាតិ។

កាលពីវេលាម៉ោង០៨៖៤៥នាទីព្រឹក ថ្ងៃអាទិត្យចំថ្ងៃបុណ្យគ្រិស្តសាសនា Easter Sunday មានហេតុការណ៍ផ្ទុះគ្រាប់បែកបានកើតមានឡើងនៅវិហារ Anthony's Shrine ព្រមទាំង សណ្ឋាគារចំនួនបីរួមមាន ស៉ីនណាម៉ុនហ្គ្រេនដ៍ (Cinnamon Grand), សាំងគ្រីឡា (Shangri-La Hotel), និងឃីងប៊ឺរី (The Kingsbury) នៅរដ្ឋធានីកូឡុំបូ (Colombo)។ ទន្ទឹមគ្នានេះគ្រាប់បែកក៏បានផ្ទុះនៅវិហារសេបាស្ទាន (St. Sebastian's Church) ក្នុងក្រុងណេហ្គមបូ (Negombo) ដែលមានចម្ងាយ ៣៥គីឡូម៉ែត្រ ភាគខាងជើងពីរដ្ឋធានី Colombo និងនៅវិហារហ្ស៉ីយ៉ូន (Zion Church) ក្នុងក្រុងបាត់ធីខាឡាវ (Batticaloa) ស្ថិតនៅចម្ងាយជាង ៣០០គីឡូម៉ែត្រពី Colombo នៅឯឆ្នេរភាគខាងកើតប្រទេស ស្រីលង្កាផងដែរ។

ក្រៅពីករណីផ្ទុះទាំង ៦លើកនេះការផ្ទុះគ្រាប់បែក ចំណែក២លើកទៀត ក៏បានកើតមានឡើងថែមទៀត នៅអំឡុងរសៀលថ្ងៃដដែល ដោយក្នុងនោះគឺនៅសណ្ឋាគារមួយកន្លែងទៀត ក្នុងទីក្រុង ឌេហ៉ីវ៉ាឡាឡាវីនផ (Dehiwala-Mount Lavinia) ភាគខាងត្បូងទីក្រុង Colombo ព្រមទាំងនៅលំនៅឋានឯកជនមួយកន្លែងក្នុងតំបន់ ដាម៉ាតាហ្គោដា (Damatagoda) នៃរដ្ឋធានី Colombo ចំពេលប៉ូលីសបើកប្រតិបត្តិការចុះឆែកឆេរទាក់ទងនឹងការផ្ទុះ ដែលជាលទ្ធផលបានបណ្តាលឱ្យមន្រ្តីប៉ូលីស ៣នាក់បាត់បង់ជីវិត។

តែយ៉ាងណាមកទល់នឹងពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខ ទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ ខណៈជនសង្ស័យ ២៤នាក់ត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរស្រីលង្កាផ្ទាល់សន្និដ្ឋានថា គម្រោងវាយប្រហារអាចមានពាក់ព័ន្ធ នឹងបណ្ដាញភេរវករនៅបរទេស។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះអំពើហិង្សាដ៏សាហាវឃោរឃៅលើវិហារគ្រឹស្តសាសនា និងសណ្ឋាគារ នៅប្រទេសស្រីលង្កា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ដែលបានផ្តាច់ជីវិតមនុស្សជាច្រើននាក់។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស នៅថ្ងៃទី២២ ខែមេសា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន, បានបញ្ជាក់ថា កម្ពុជាបានចាត់ទុកទង្វើនេះ ជាការបង្កឱ្យមានការភ័យខ្លាច និងជ្រុលនិយមដ៏គួរឱ្យស្អប់ខ្ពើមនេះ នឹងមិនត្រូវអត់ឱនឱ្យជាដាច់ខាត។ នៅក្នុងសេចក្តីថ្លែងការណ៍នេះសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ចំពោះរដ្ឋាភិបាល និងប្រជាជនស្រីលង្កា ជាពិសេសគ្រួសារនៃជនរងគ្រោះ ដែលបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយគ្រាប់បែកដ៏គួរឱ្យស្អប់ខ្ពើមមួយនេះ។

ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងជ្រុលនិយមតាមគ្រប់ទម្រង់ និងរូបភាព។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានជំហរសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនស្រីលង្កា នៅក្នុងគ្រាដ៏លំបាកនេះ និងសូមបួងសួងឱ្យអ្នករងរបួសទាំងអស់ បានជាសះស្បើយឆាប់រហ័សឡើងវិញផងដែរ៕