(ភ្នំពេញ)៖ អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងបទប្បញ្ញត្តិទីផ្សារចិន លោក ឈិន យីឈី បានគូសបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងចិន ដែលមានអាយុកាលជាង៦ទសវត្សរ៍មកនេះ បាននឹងកំពុងហុចផ្លែផ្កាជាប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
លោក ឈិន យីឈី បានគូសបញ្ជាក់បែបនេះនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនោះ លោក ឈិន បានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលមានអាយុកាលយូរលង់ហើយ ហើយប្រទេសទាំងពីរកំពុងតែសប្បាយរីករាយទទួលបានផ្លែផ្កាពីទំនាក់ទំនងល្អនេះ និងបន្តពង្រឹងទំនាក់ទំនងឱ្យរឹងមាំបន្ថែមទៀត។
«ឯកឧត្តមអនុរដ្ឋមន្ត្រីបានបន្តជម្រាបជូនសម្ដេចតេជោថា ជាសំណាងណាស់ ដែលថ្នាក់ដឹកនាំប្រទេសកម្ពុជា-ចិន បានដាក់ចេញនយោបាយយ៉ាងត្រឹមត្រូវ នាំទៅដល់មានការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀតយ៉ាងល្អប្រសើរ។ តាមរយៈទំនាក់ទំនង និងគោលនយោបាយត្រឹមត្រូវនេះ ប្រទេសទាំងពីរ បានទទួលនូវផលយ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យកសិកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ»។ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់បន្ថែម។
នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក ឈិន បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការនាំចូលដំណាំកសិផលកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យកាន់តែច្រើនថែមទៀត។
បើតាមលោក អ៊ាង សុផល្លែត នៅក្នុងជំនួបនោះ លោកអនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងបទប្បញ្ញត្តិទីផ្សារចិន ក៏បានជម្រាបពីកិច្ចសហប្រតិបត្តិការមួយចំនួនរវាងក្រសួងរដ្ឋបាល និងបទប្បញ្ញត្តិទីផ្សារចិន ជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្មរបស់កម្ពុជា។ ក្នុងនោះនៅឆ្នាំ២០១៦ មានការចុះអនុស្សារណៈលើឯកសារមួយចំនួន ហើយនៅឆ្នាំ២០១៧ រាល់កិច្ចការ ដែលបានចុះហត្ថលេខាកន្លងមក ក៏បានទទួលការអនុវត្តជាបន្តបន្ទាប់ ដោយនៅពេលនេះមានការជួយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។
លោកអនុរដ្ឋមន្ត្រី ក៏បានជម្រាបជូនសម្ដេចតេជោបន្ថែមទៀតថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ ដើម្បីស្វែងយល់បន្ថែមទៀតពីកម្ពុជា ជាពិសេសដើម្បីជំរុញការអនុវត្ត និងចេញសេចក្តីថ្លែងការណ៍រួមជាមួយភាគីកម្ពុជាលើវិស័យលើវិស័យមាត្រសាស្ត្រតែម្ដង។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះលោក ឈិន ដែលបានលើកឡើងពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍនៅប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏បានស្នើសុំឲ្យលោកអនុរដ្ឋមន្ត្រី ធ្វើយ៉ាងណាបន្តធ្វើការជាមួយភាគីកម្ពុជា ដើម្បីជួយត្រួតពិនិត្យធ្វើយ៉ាងណាអាចឲ្យកម្ពុជា នាំចេញកសិផលកម្ពុជា ទៅកាន់ប្រទេសចិន។ ជាពិសេសតាមរយៈការពង្រឹង ការពិនិត្យចត្តាឡីសក្តិ (ការត្រួតពិនិត្យសត្វ) និងភូតគាមអនាម័យ (ការធ្វើអនាម័យកសិកម្ម) លើដំណាំកសិផលកម្ពុជា។
លើសពីនេះទៀត សម្ដេចតេជោ ក៏បានសម្តែងនូវការគាំទ្រជាមួយនឹងអ្វី ដែលក្រសួងទាំងពីរ (កម្ពុជា-ចិន) បានធ្វើកន្លងមក។ ជាពិសេសក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលសម្តេចបានបន្តលើកទឹកចិត្តឲ្យធ្វើកិច្ចការនេះបន្ថែមទៀត៕