(រតនគីរី)៖ ទេសរដ្ឋមន្រ្តី លី ធុជ នៅរសៀលថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ធ្វើវិទិកាសាធារណៈជាមួយមន្រ្តីរាជការ សមាជិកក្រុមប្រឹក្សាឃុំទាំងស្រុកលំផាត់ និងស្រុកកូនមុំ ដើម្បីស្តាប់សំណូមពរ និងសំណើរបស់មន្រ្តីរាជការ និងជាពិសេសដើម្បីជម្រុញលើកទឹកចិត្តដល់មន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ ឲ្យយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។

ជាពិសេសមិនត្រូវទុកសំណូមពរណាមួយ របស់ប្រជាពលរដ្ឋចោលដោយគ្មានដំណោះស្រាយជាដាច់ខាត បើសិនសំណូមពរនោះមិនអាចដោះស្រាយនៅថ្នាក់មូលដ្ឋាន ត្រូវធ្វើរបាយការណ៍តាម ឋានានុក្រមរហូតដល់មានដំណោះស្រាយឬសេចក្តីឆ្លើយតបណាមួយសមស្របជូនដល់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវប្រើប្រាស់ថវិកាអភិវឌ្ឍន៍ឃុំ/សង្កាត់ឲ្យមានប្រសិទ្ធភាព និងចំគោលដៅ ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន ទទួលបានផលប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍ទាំងនោះពិតប្រាកដ៏ ទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា។

ជាចុងបញ្ចប់ ទេសរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ដែលបានសហការរៀបចំវេទិការសាធាណៈជាមួយក្រុមការងារថ្នាក់ជាតិបានយ៉ាងល្អ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សមាជិកក្រុមការងារថ្នាក់ជាតិ ដែលតំណាងឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមបកស្រាយ និងដោះស្រាយបញ្ហា និងកង្វល់របស់មន្រ្តីរាជការ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕