(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ សែន និងនយោបាយ ឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយកត្តាសន្តិភាពនេះ បានផ្តល់ឱកាសឱ្យយើងបានធ្វើការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ
អភិបាលខេត្តប៉ៃលិន បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក រួមជាមួយលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន និងលោក ឃ្លោក នួយ អភិបាលរងខេត្ត ចុះជួបសំណេះសំណាលជាមួយបងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្តប៉ៃលិន ព្រមទាំងបានឧបត្ថម្ភជាស្បៀងអាហារ និងថវិកាមួយចំនួនផងដែរ។
លោក ផាន់ ចាន់ធុល បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងចង់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា ប្រកបដោយសេចក្ដីស្រឡាញ់ ចំពោះបងប្អូន និងក្រុមគ្រួសារជនរួមជាតិទាំងអស់។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ សែន និងនយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយកត្តាសន្តិភាពនេះបានផ្តល់ឱកាសឱ្យយើង ធ្វើការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានារួមមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បណ្តាញអគ្គិសនី បណ្តាញទឹកស្អាតមានតាំងនៅទីប្រជុំជនរហូតដល់ជនបទ ទាំងនេះជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ហើយវាក៏បានជំរុញនូវកំណើនសេដ្ឋកិច្ចគ្រួសារ ដោះស្រាយបានរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្រ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោក ផាន់ ចាន់ធុល បញ្ជាក់ទៀតថា ការជួបសំណេះសំណាលនៅពេលនេះ មានគោលបំណង ដើម្បីចង់ដឹងពីសុខទុក្ខរបស់បងប្អូនជាអ្នកម៉ូតូឌុប ដែលមិនសូវបាននៅផ្ទះជាប់រវល់ក្នុងការប្រកបការងារ ដោះស្រាយជីវភាពគ្រួសារ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាបណ្តាញសង្គម ពីព្រោះបងប្អូនជាអ្នករត់ម៉ូតូឌុប គឺជាភ្នាក់សន្តិសុខដ៏សំខាន់ក្នុងកាចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេសការចូលរួមដ៏សកម្មរបស់បងប្អូនពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល ក៍បានឧបត្ថម្ភដល់បងប្អូនអ្នករត់ម៉ូតូឌុបនៅមុខសាលាខេត្តប៉ៃលិន ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕