(កំពង់ចាម)៖ ឆ្លងតាមការជំរឿនខ្នងផ្ទះរបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ដែលមិនទាន់មានបន្ទប់អនាម័យ ទិន្នន័យត្រូវបានបង្ហាញថា មានខ្នងផ្ទះប្រជាពលរដ្ឋ ៤៦% ស្មើនិង១០ម៉ឺនខ្នងផ្ទះ នៅមិនទាន់មានបន្ទប់អនាម័យប្រើប្រាស់។ នេះជាការលើកឡើងរបស់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសតែងតាំងលោក យី វណ្ណ: អភិបាលស្រុកកោះសូទិន ជាប្រធានគណៈកម្មាធិការបក្សប្រជាជនស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោមវត្តមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះសូទិន។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការបម្រើសេវាផ្នែកអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម តាមរយៈចលនាប្រឡងប្រណាំងរបស់អាជ្ញាធរឃុំ-សង្កាត់ ដែលយុទ្ធសាស្ត្រមួយនេះ បានទទួលជោគជ័យរួចមកហើយ។ ប៉ុន្តែដោយឡែកទាក់ទងទៅនឹងបញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ លោកអភិបាលខេត្ត មានផែនការដាក់ចេញនូវចលនាប្រឡងប្រណាំង ធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម មានបន្ទប់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះផងដែរ។
លោកអភិបាលខេត្ត បានថ្លែងដូច្នេះថា ទាក់ទងទៅនឹងបញ្ហាសុខភាពសាធារណៈ លោកយល់ឃើញថា ប្រសិនបើយើងជំរុញឲ្យប្រជាពលរដ្ឋ មានបន្ទប់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះនោះ ពោល គឺពេលដែល ពួកគាត់ឈប់បន្ទោរបង់ពាសវាល ពាសកាល នោះអាចជួយគាំពារសុខភាពសាធារណៈបានមួយផ្នែកធំ ដោយសារតែមិនមានមេរោគហូរចូលទៅទន្លេ ឬក៏ឆ្លងតាមប្រការផ្សេងៗ ទៀតនោះ។ ដូច្នេះវិធីសាស្រ្តដែលអាចបង្ការទប់ស្កាត់ នូវការឆ្លងរាលដាលមេរោគដូច្នេះ មានតែធ្វើយ៉ាងណាឲ្យពួកគាត់មានការយល់ដឹង ងាកមកប្រើប្រាស់បន្ទប់អនាម័យ ឲ្យបានគ្រប់គ្នានោះទើប ជាការប្រសើរ និងធ្វើឲ្យអាយុជីវិតប្រជាពលរដ្ឋយើងរស់នៅបានយឺនយូរ។ ម្យ៉ាងទៀត ការចេញទៅបន្ទោរបង់ពាសវាលពាសកាលនេះ ក៏ជាបច្ច័យនាំឲ្យកើតបទល្មើសផ្សេងៗ ផងដែរ ជា ពិសេសប្រជាពលរដ្ឋនៅតាមជនបទ។
សូមបញ្ជាក់ថា បន្ទាប់ពីពិធីប្រកាសតែងតាំងគណៈកម្មាធិការបក្សប្រជាជនស្រុកកោះសុទិន លោក គួច ចំរើន បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលដំណើរការសាងសង់ ជួសជុល វិទ្យាល័យ ជីហែ ផងដែរ៕