(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ជាតិ ស្ដីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ និងលើកទិសដៅបន្ដ ឆ្នាំ២០១៩។
កិច្ចប្រជុំដែលបានធ្វើនៅទីស្ដីការក្រសួងមហាផ្ទៃនេះ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
យោងតាមរបាយការណ៍របស់ គ.ជ.ប.ជ បានបង្ហាញថា ការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះ៖ នៅឆ្នាំ២០១៨កន្លងទៅ ក្រុមការងារអនុវត្តច្បាប់ បានបង្ក្រាបបទល្មើសអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៣៤/១៥៩ករណី បើប្រៀបធៀបនឹងឆ្នាំ២០១៧ មានការថយចុះចំនួន២៥ករណី ស្មើនឹង១៥,៧២%។
សរុបជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងចំនួន២២៤/២០៣នាក់ ធៀបនឹងឆ្នាំ២០១៧ កើន ឡើងចំនួន២១នាក់ (ស្រី៩៨នាក់) ក្នុងនោះជនសង្ស័យជាអនីតិជន១៧នាក់ និងជនបរទេសចំនួន ៣១/២០នាក់ មាន០៩សញ្ជាតិ គឺចិន១៥នាក់, អង់គ្លេស០៦នាក់, វៀតណាម០៣នាក់, កាណាដា០២នាក់, អូស្ត្រាលីម្នាក់, ន័រវេសម្នាក់, ហុល្លង់ (Netherland) ម្នាក់, នូវែលហ្សេឡង់ម្នាក់ និងហ្វីលីពីនម្នាក់។
ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចបានសង្គ្រោះជនរងគ្រោះ ករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទសរុបចំនួន ២៣០/៣៤៥នាក់ (ធៀបនឹងឆ្នាំ២០១៧ ថយចុះចំនួន១១៥នាក់) ក្នុងនោះមានអាយុក្រោម១៥ឆ្នាំ៩២នាក់ អាយុពី១៥ឆ្នាំ-១៧ឆ្នាំ ចំនួន២៣នាក់ និងអាយុ១៨ឆ្នាំឡើង ១១៥នាក់ (បានបញ្ជូនទៅមន្ទីរសង្គមកិច្ច៩២នាក់ ទៅអង្គការដៃគូ០២នាក់ និងបញ្ជូនទៅគ្រួសារ ចំនួន១៦នាក់)។
ករណីអំពើជួញដូរមនុស្ស៖ បង្ក្រាបបាន ៣៩/៤៨ករណី (ប្រៀបធៀបនឹងឆ្នាំ២០១៧ ថយចុះចំនួន០៩ករណី) ឃាត់ខ្លួនជនសង្ស័យ ចំនួន១០៥នាក់ (ស្រី៧៨នាក់) ក្នុងនោះមានអនីតិជនម្នាក់ និងជនបរទេស០៥នាក់ សញ្ជាតិចិន។ សង្គ្រោះជនរងគ្រោះ ចំនួន៦៤នាក់ អាយុក្រោម១៥ឆ្នាំ ០៩នាក់ អាយុពី១៥-១៧ឆ្នាំ ១០នាក់ និងអាយុ១៨ឆ្នាំឡើង ៤៥នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ចំនួន២០នាក់ អង្គការដៃគូចំនួន០២នាក់ និងទៅគ្រួសារចំនួន៤២នាក់)៕