(ភ្នំពេញ)៖ កម្លាំងនៃការិយាល័យនគរបាលចរាចរមន៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនៅតាមបណ្ដាខណ្ឌ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ បានបើកយុទ្ធនាការទ្រង់ទ្រាយធំចុះត្រួតពិនិត្យជាតិស្រវឹង នៅតាមដងផ្លូវទាំងអស់ សម្ដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ដោយមើលឃើញអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតែមានបញ្ហាប្រឈមនោះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានចាប់ផ្ដើមដាក់ផែនការដោយបញ្ជាមកការិយាល័យជំនាញ សហការជាមួយកម្លាំងនគរបាលទាំង១២ខណ្ឌ បើកយុទ្ធនាការជាបន្ដបន្ទាប់ដោយត្រួតពិនិត្យជាតិអាកុលទៅលើអ្នកបើកបរ។
ជាក់ស្ដែងនៅយប់ថ្ងៃនេះផ្ទាល់តែម្ដង បើតាមលោក សែម គន្ធា កម្លាំងនគរបាលជំនាញបានចាប់ផ្ដើមយុទ្ធនាការហើយ ដោយបានដាក់កម្លាំងនគរបាលចរាចរណ៍នៅតាមផ្លូវសំខាន់ៗទាំងងអស់។
ដោយឡែកនៅតាមបណ្ដោយផ្លូវជាតិលេខ៦A កម្លាំងនគរបាលជំនាញជាច្រើននាក់ បានបើកយុទ្ធនាការការងាររបស់ខ្លួន ដើម្បីត្រួតពិនិត្យទៅលើអ្នកបើកបរទាំងអស់៕