(កណ្តាល)៖ ដើម្បីពន្លឿនដល់ការងារដោះស្រាយផលប៉ះពាល់ របស់ប្រជាពលរដ្ឋក្នុងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុល និង៥០០គីឡូវ៉ុលពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ និងឆ្លងកាត់ខេត្តកណ្តាលនោះ, នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានជួបប្រជុំជាមួយអគ្គិសនីកម្ពុជា ដឹកនាំដោយលោក ប្រាំង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា និងមន្ត្រីពាក់ព័ន្ធនានាជាច្រើនរូប ដើម្បីរួមគ្នារកដំណោះស្រាយឱ្យបានសមស្រប។
នៅក្នុងកិច្ចប្រជុំនោះ លោក ប្រាំង ជលសា បានថ្លែងថា ក្រុមការងារអគ្គិសនីកម្ពុជា មកប្រជុំនៅពេលនេះក្នុងគោលបំណង ពិភាក្សាលើការងារចាប់ផ្ដើមសាងសង់ខ្សែបញ្ជូន ២៣០គីឡូវ៉ុល និង៥00គីឡូវ៉ុល ដើម្បីបង្កើនលទ្ធភាពសមត្ថភាព និងស្ថេរភាពថាមពលអគ្គិសនី ដល់បណ្ដាខេត្តមួយចំនួន ឱ្យមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។
លោកបានបន្តថា គម្រោងនេះអាចបញ្ជូនថាមពលប្រមាណ៦០០មេហ្គាវ៉ាត់ ក្នុងដំណាក់កាលដំបូង ឆ្នាំ២០១៩ និងអាចបង្កើនដល់១០០០មេហ្គាវ៉ាត់ នៅដំណាក់កាលទី២ បន្ទាប់ទៀត។
លោកបានបញ្ជាក់ទៀតថា គោលបំណងសំខាន់មួយទៀត ក្នុងកិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីពិភាក្សារកដំណោះស្រាយផលប៉ះពាល់ ជូនដល់ប្រជាពលរដ្ឋមានដូចជា៖ ផ្ទះ ផលដំណាំ ដីស្រែចំការជាដើមឱ្យបានឆាប់រហ័ស ពន្លឿនដល់ការសាងសង់។
លោកបណ្ឌិត ម៉ៅ ភិរុណ ក៏បានគាំទ្រ និងសហការក្នុងការដោះស្រាយផលប៉ះពាល់ របស់អគ្គិសនីកម្ពុជា ទៅលើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។លោកក៏បានស្នើឱ្យអជ្ញាធរ ត្រូវអប់រំប្រជាពលរដ្ឋទាំងអស់ ដែលរងការប៉ះពាល់ សូមមេត្តាយោគយល់ និងអនុគ្រោះឱ្យគ្នាទៅវិញទៅមក ព្រោះការអភិវឌ្ឍន៍ភូមិ-ឃុំ-ស្រុក-ក្រុង ចៀសមិនផុតពីផលប៉ះពាល់ឡើយ។ ដូច្នេះបើប្រជាពលរដ្ឋណាជួបផលប៉ះពាល់ ដោយការសាងសង់ខ្សែបញ្ជូនអគ្គិសនីនេះ ដោយត្រូវទទួលយក ព្រោះវាជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕