(ភ្នំពេញ)៖ អភិបាល អភិបាលរង នាយករដ្ឋបាលខណ្ឌសរុបចំនួន៤៤រូប នៃរាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងខណៈ ខណ្ឌថ្មី២ទើបបង្កើត ដោយបំបែកចេញពីខណ្ឌចំនួន៣ ដើម្បីបម្រ សេវាឲ្យនៅកៀកកិតជាមួយប្រជាពលរដ្ឋ ដែលក្នុងនោះអភិបាលខណ្ឌចាស់ ចំនួន៦រូបទៀត ក៏ត្រូវបានប្រកាសបន្តអាណត្តិ ជាអភិបាលខណ្ឌផងដែរ។
ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានណែនាំឲ្យអភិបាលខណ្ឌទាំងអស់ ពិសេសខណ្ឌទើបប្រកាសថ្មី ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដោយក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកំពុងផ្ដោតទៅលើការអនុវត្តនូវអភិក្រមទាំង៥ មានដូចជា ងូតទឹក ដូសក្អែល ឆ្លុះកញ្ចក់ ព្យាបាល វះកាត់ ហើយយើងម្នាក់ៗសុទ្ធតែបានដឹង និងបានលឺហើយ។
លោកអភិបាលរាជធានីភ្នំពេញ បានបន្ថែមថា មកដល់ពេលនេះ គ្មាននរណាម្នាក់អាចគេចផុតពីការអនុវត្តលើកំណែទម្រង់ស៊ីជម្រៅ ជាពិសេសលើការអនុវត្តនូវអភិក្រមទី៥នេះទេ។ ដូច្នេះទេមន្រ្តីដែលមានសមត្ថភាព និងចំណេះដឹង ត្រូវផ្លាស់ប្ដូរនូវឥរិយាបទ ខិតខំអនុវត្តតួនាទី ភារកិច្ចស្នូល ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការប្រកាសតែងតាំងតំណែង អភិបាល នៃគណៈអភិបាលខណ្ឌ៣រូប ដែលមាន២រូបជាអភិបាលខណ្ឌថ្មី គឺមិនទាន់មានត្រានៅឡើយទេ ដោយគ្រាន់តែប្រកាសឲ្យដឹងខ្លួនឯង ដើម្បីត្រៀមលក្ខណៈធ្វើជាអភិបាលខណ្ឌ ពោលគឺក្រោយប្រកាសក្រុមប្រឹក្សាខណ្ឌ រាជធានីទើប ក្រសួងមហាផ្ទៃ ប្រគល់ត្រាដើម្បីគ្រប់គ្រងរដ្ឋបាលបម្រើសេវាជូនប្រជាពលរដ្ឋ ហើយអ្វីដែលត្រូវធ្វើនៅពេលនេះ គឺត្រូវឆ្លងទៅអភិបាលខណ្ឌ ដែលបំបែកចេញ ដូចជាអភិបាលខណ្ឌកំបូល ក្នុងអំឡុងពេលនេះត្រូវឆ្លងជាមួយអភិបាលខណ្ឌពោធិ៍សែនជ័យ ខណ្ឌបឹងកេងកង ត្រូវឆ្លងទៅអភិបាលខណ្ឌចំការមនជាដើម៕