(កណ្តាល)៖ លោក យន់ ខុម មេឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល បានលើកឡើងថា ក្រុមហ៊ុន «ឡេង អូន» ពុំទាន់បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងឃុំឲ្យចេញជាដុំកំភួននោះឡើយ។ ករណីនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមខ្នា ឃុំទួលពេជ្រ បានស្នើសុំឲ្យអាជ្ញាធរ ឃុំ-ស្រុក ក៏ដូចជា ស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយផ្អាកសកម្មភាពដឹកជញ្ជូន ក្រុមរថយន្តដឹកដីចេញពីរណ្តៅដីលោក ឡេង អូន នៅម៉ោងកូនៗ ពួកគាត់ចូលសាលា និងចេញពីសាលា។
លោក យន់ ខុម មេឃុំទួលព្រេច បន្ដថា ព្រោះគាត់ព្រួយបារម្ភ ខ្លាចកូនពួកគាត់ជួបគ្រោះ ដោយកត្តាណាមួយ ព្រោះរថយន្តដឹកដីរបស់ក្រុមនេះបើកលឿនណាស់ អត់ស្រោចទឹកគ្រប់គ្រាន់ ហុយងងឹតមើលគ្នាមិនឃើញ និងអត់គ្របខ្លាចដុំថ្ម ឬដុំដីធ្លាក់ត្រូវកូនពួកគាត់ ក៏អាចគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ។ ម្យ៉ាងវិញទៀត ការរស់របស់គាត់ហាក់បី ដូចជារស់នៅក្នុងភពនរក ព្រោះទាំងសម្លៀកបំពាក់ ការហូបចុកលាយទៅដោយធូលីដី។
លោក សុន វុទ្ធី ជាប្រជាពលរដ្ឋរស់នៅភូមិខ្នា ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល បានលើកឡើងថា ពួកគាត់មានក្តីកង្វល់បញ្ហារថយន្តដឹកដីក្រុមហ៊ុន ឡេង អូន បើកលឿនដូចព្យុះបន្តកន្ទុយគ្នា ទោះនៅក្នុងភូមិ ក៏មិនបង្អង់ដែរ ។
លោក សុន វុទ្ធី បន្ដថា គាត់ខ្លាចកូនៗ លោកគ្រោះថ្នាក់ដោយសាររថយន្តទាំងនេះ ព្រោះក្មេងទៅរៀន ដើរលើចិញ្ចើមផ្លូវ បើផ្លូវតូចចង្អៀនគេ មិនបង្អង់បែរជាគិតតែពីលឿនបណ្តេញជើងគ្នា មិនសូរដល់ពួកគាត់រស់នៅ តាមបណ្តោយផ្លូវនេះសោះ។
លោកបានសំណូមពរដល់ អាជ្ញាធរឃុំស្រុក ខេត្ត និងក្រសួង មន្ទីរពាក់ព័ន្ធទាំងអស់ ជួយផ្អាកសកម្មភាពក្រុម រថយន្តដឹកដីនេះ រយៈ២៥ ទៅ២០នាទី ពេលកូនៗពួកគាត់ធ្វើដំណើរទៅរៀន និងចេះពីរៀន។ ដោយក្រុមរថយន្តទាំងនេះ បើកលឿនខ្លាំងណាស់ ខ្លាចជ្រុលទៅប៉ះពាល់ កូនៗពួកគាត់ ម្យ៉ាងឲ្យកូនៗ ពួកបានចូលរៀនសូត្រមានខោអាវស្អាតផង។
លោក ម៉ុន ថេន អាយុ៤០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅផ្ទះក្បែរគ្នា បានលើកឡើងជាសំណូមពរ ដល់សមត្ថកិច្ចសូមឲ្យជួយពិនិត្យតៃកុងឡានដឹកដី របស់ក្រុមហ៊ុន ឡេង អូន តើពួកគេគ្រប់អាយុបើកបរឬនៅ និងមានប័ណ្ណបើកបរឬអត់។ ព្រោះបើតាមគាត់ ឃើញគឺក្មេងៗខ្លាំងណាស់ និងបើករថយន្តបោះពួកដូចគេហោះ។ គ្មានស្រណោះការរស់នៅរបស់ពួកគាត់ និងគ្មានយល់ដល់ក្មេងតូចៗ ជិះកង់ ឬដើរទៅសាលារៀននោះទេ។
បងស្រី ឃ្លោក សល បានលើកឡើងដែរថា ពួកគាត់សព្វថ្ងៃ រស់នៅដូចរស់ក្នុងឋាននរក ព្រោះការហូបចុកលាយទៅដោយធូរលីដី សម្លៀកបំពាក់ផ្ទះសម្បែងពោរពេញទៅដោយធូរលីដី ដោយរថយន្តដឹកដីរបស់ក្រុមហ៊ុន ឡេង អូន បើកលឿនដូចគេហោះ ស្រោចមានដែរតែស្រោចប្រើសបើកលឿន មិនសើមខ្នងគោផង១ថ្ងៃ២ទៅ៣ជើងប៉ុណ្ណោះ។
បងស្រីសល បានបន្ដថា ខែនេះក្តៅខ្លាំងគ្រាន់រថយន្តស្រុចទឹកស្រោច ទៅផុតដីផ្លូវស្ងួតវិញហុយដដែល។ ដូច្នេះបងស្រី សំណូមពរដល់អាជ្ញាធរឃុំ ស្រុកជួយឲ្យក្រុមហ៊ុននេះ ស្រោចទឹកឲ្យបានញឹក និងម៉ាសើមល្មម កុំឲ្យហុយបែបនេះ និងសុំកុំឲ្យបើកបរលឿនពេក ចឹងពួកភ័យខ្លាចណាស់។
ពាក់ព័ន្ធនិងការលើកឡើង របស់ប្រជាពលរដ្ឋនោះ លោក យន់ ខុម បានឲ្យអ្នកយកព័ត៌មានដឹងថា ការងារដែលប្រជាពលរដ្ឋស្នើសុំនេះ លោកបានធ្វើជាញឹកញាប់ ប៉ុន្តែគេធ្វើតែពេលអាជ្ញាធរចុះទៅ ពេលមកបាត់គេធ្វើសកម្មភាពដដែល។ ទោះបីយ៉ាងណា លោកនឹងខិតខំព្យាយាម ដើម្បីបញ្ជៀសការប៉ះពាល់ដល់ប្រជាពលរដ្ឋរបស់លោក។
លោកមេឃុំ បានបន្តទៀតថា លោក ឡេង អូន ជីកដឹកបឹងដើមពោធិ៍ ភូមិខ្នា ឃុំនេះ ដោយមានការសន្យា ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំ ដោយឃុំសុំឲ្យក្រុមហ៊ុន ជួយស្ថាបនាផ្លូវពីរខ្សែសិន ក្រាលគ្រួសឬថ្មម៉ិច ដែលមានប្រវែងជាង៣ពាន់ម៉ែត្រប៉ុណ្ណោះ មិនបានបង្គាប់ឲ្យតម្កល់ជាសាច់ប្រាក់មកឲ្យសាលាឃុំនោះទេ។
រណ្តៅដីនេះ ចាប់ជីកពីឆ្នាំ២០១៧ រហូតដល់ពេលនេះ ក្រុមហ៊ុនបានត្រឹមតែ ដឹកដីចាក់លុបជង្ហកនាយអាយ គៀរកិនបង្ហាប់តែប៉ុណ្ណោះ ពុំទាន់ធ្វើស្ថាបនា ឬអភិវឌ្ឍនៅក្នុងមូលដ្ឋាន ឲ្យលេចធ្លោចេញជាដុំកំភួនអីនៅឡើយ។ ទំហំនៃការជីកគឺមានទំហំធំជាច្រើនហិកតាណាស់ហើយ រីឯជម្រៅជ្រៅអាចជាង១០ម៉ែត្រ។ ប៉ុន្តែការជួយកសាងហេដ្ឋារចនាឃុំ ស្ទើរតែគ្មានបន្តិចសោះ។ នេះបើតាមការអះអាងរបស់លោកមេឃុំ៕