(រតនគិរី)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់មន្ត្រីសុខាភិបាលទាំងអស់ ក្នុងខេត្តរតគិរី បន្តខិតខំផ្ដល់សេវាគាំពារសង្គម ជូនប្រជាពលរដ្ឋ កម្មករ នយោជិក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាដើម ជាពិសេស ស្រ្តីដែលមានផ្ទៃពោះបានចូលមកពិនិត្យ និងព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈឲ្យបានល្អប្រសើ និងមានប្រសិទ្ធិភាព។
ការអំពាវនាវរបស់លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាស ដែលរូបលោកអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៩ នៅក្នុងមន្ទីរសុខាភិបាលខេត្តរតនគិរី នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សារខេត្ត លោក ថង សាវុន អភិបាលខេត្តរតនគិរី និងមន្រ្តីសុខាភិបាលប្រមាណជាង ៤០០នាក់ទូទាំងខេត្ត។
ថ្លែងទៅកាន់ពីធីបូកសរុបសន្និបាតនេះដែរ លោករដ្ឋមន្រ្តី បានជំរុញ និងលើកទឹកចិត្តទៅដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវអភិវឌ្ឍន៍គុណភាពសុខាភិបាល ការផ្ដល់សេវាសុខាភិបាល និងធានានិរន្តរភាពផ្ដល់សេវា២៤ម៉ោង លើ ២៤ម៉ោង ទាំងនៅមន្ទីរពេទ្យខេត្ត មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក។
ជាងនេះទៅទៀត មន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានក្រមសីលធម៌វិជ្ជាជីវៈ អាកប្បកិរិយា សំដីទន់ភ្លន់ ទៅដល់អ្នកដែលមកទទួលសេវាគាំពារ ហើយមន្រ្តីសុខាភិបាលត្រូវខិតខំរៀនបន្តមន្ថែមទៀតចំពោះការថែរក្សាអ្នកមានផ្ទៃពោះ និងរៀនរបៀបកាថែរក្សាបីបាច់ទារកដែលទើបនិងកើតឲ្យបានម៉តចត់បំផុត។
ក្នុងឱកាសនេះទៀតដែរ លោកសាស្ត្រាចារ្យ បានស្នើដល់ខាងមន្ទីរសុខាភិបាលខេត្តរតនគិរី ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដាច់ស្រយាល អំពីបញ្ហាសុខភាពដើម្បីឲ្យពួកគាត់ បានយល់ច្បាស់ពីការប្រើប្រាស់ថ្នាំព្យាល និងឲ្យពួកគាត់ងាកមកទទួលសេវាថែទាំសុខភាពពីមន្ទីរសុខាភិបាល មណ្ឌលសុខភាពនៅជិតមូលដ្ឋារបស់គាត់។ លោករដ្ឋមន្រ្តី បានបន្តទៀតថា ខាងមន្ទីរសុខាភិបាលត្រូវគ្រប់គ្រងសេវាឯកជន និងប្រឆាំងឱសថក្លែងក្លាយ ឲ្យមានប្រសិទ្ធិភាព និងតម្លាភាពខ្ពស់ដើម្បីចៀសវាងការប៉ះពាល់សុខភាព ដល់បងប្អូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរខេត្តរតនគិរី បានលើកឡើងអំពីយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ២០១៨ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋភិបាលគឺមន្ទីរសុខាភិបាលខេត្តរតនគិរី បានផ្ដោតលើការងារបង្កើនការសម្រាលកូនដោយឆ្មបជំនាញ ពង្រីកសេវាសម្ភពបន្ទាន់ និងសេវាថែទាំទារកសេវាផ្ដល់មធ្យោបាយ ពន្យាកំណើតបង្កើនអត្រាគ្រប់ដណ្ដប់ នៃការផ្ដល់ថ្នាំបង្ការ និងលើកគុណភាពសេវាបន្តពូជមាតាទារក និងអាហាររូបត្ថម្ភជាងនេះទៅទៀត ពង្រឹងការគ្រប់ដណ្ដប់កែលំអរគុណភាពសេវា ថែទាំព្យាបាលជំងឺឆ្លងព្រមទាំងបង្កើនប្រសិទ្ធិភាព អន្តាគមន៍សុខភាពសាធារណៈផងដែរ៕