(ព្រះសីហនុ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលខេត្តកំពត ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការ យ៉ាងក្ដៅគគុក តាមបង្ក្រាបករណីចាប់ជំរិត ដែលបង្កឡើងដោយជនជាតិចិនមួយក្រុម មានគ្នា៥នាក់ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។
មន្ដ្រីនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនេះកម្លាំងនគរបាលតាមចាប់ ខ្លួនជនសង្ស័យបានចំនួន៣នាក់ នៅព្រឹកទាបភ្លឺក្នុងខេត្តព្រះសីហនុ ដោយជួយសង្គ្រោះនារីជនជាតិចិន បានចំនួន២នាក់ ក្នុងចំណោម៥នាក់ ព្រមទាំងដកហូតរថយន្ដរបស់ក្រុមជនល្មើស ចំនួនមួយគ្រឿងផងដែរ។
មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់ជនសង្ស័យចំនួន ២នាក់ផ្សេងទៀត បាននិងកំពុងរត់គេចខ្លួន ដែលកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ផងដែរ។ សម្រាប់ជនសង្ស័យ និងវត្ថុតាង ត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រគល់ទៅឲ្យនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាត់វិធានការបន្ដតាមផ្លូវច្បាប់។
ជនសង្ស័យបានចំនួន ០៣នាក់ ដែលត្រូវចាប់ខ្លួន រួមមាន៖
*ទី១៖ ឈ្មោះ Guo Yuwei អាយុ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE2952223
*ទី២៖ ឈ្មោះ Li Xiaoxiang អាយុ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE2962687
*ទី៣៖ ឈ្មោះ Li Hongjie អាយុ៣២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE 9458762។
វត្ថុតាងចាប់យករួមមាន៖ ទូរសព្ទ័ដៃមួយគ្រឿង (របស់ជនរងគ្រោះ), រថយន្តម៉ាក Starex ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AX-8067 (រថយន្តជនល្មើសជិះធ្វើសកម្មភាព)។
សូមបញ្ជាក់ថា មានករណីចាប់ជំរិតទារប្រាក់មួយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចហាងផាតឌីង ផ្លូវលេខ១១០ ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានជនរងគ្រោះចំនួន ៥នាក់រួមមាន៖
*ទី១៖ ឈ្មោះ Xiang kai pi
*ទី២៖ ឈ្មោះ Chen Sihong
*ទី៣៖ ឈ្មោះ Huang Shuang Giong
*ទី៤៖ ឈ្មោះ peng Lin hui
*ទី៥៖ ឈ្មោះ Hua. Na (លិខិតឆ្លងដែនទុកនៅភ្នំពេញ)។
តាមរបាយការណ៍របស់នាយកដ្ឋានព្រហ្មទណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសជនជាតិចិន ១ក្រុមមានគ្នា ៥នាក់ នាំនារីរងគ្រោះ យកមកពីហាងបាយថាងទីង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបានចូលច្រៀងខារ៉ាអូខេ យីហោ តុងហ្វាំងម៉េងជូ។
ក្រុមជនសង្ស័យ បានបើករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ គ្មានផ្លាកលេខ ដឹកនារីរងគ្រោះ ចេញពីភ្នំពេញឡើងភ្នំ (អត់ស្គាល់) រួចដកយកប្រាក់ពីនារីរងគ្រោះផ្ទេរតាមទូរស័ព្ទ (WeChat) សរុបនារី
ទាំង៥នាក់ ជាង៤ពាន់ដុល្លារ។
បន្ទាប់មក ពួកគេបានរំលោភសេពសន្ថវៈ ក្នុងរថយន្ត និងក្បែរទឹកមិនស្គាល់ទីតាំង។ (ឈ្មោះ Huang Shuang Giong មិនត្រូវរំលោភទេ)។ ជនល្មើសបានមកដល់ក្រុងកំពត នៅម៉ោងប្រមាណជា៥ភ្លឺ ជនល្មើស ក៏បានទាញជនរងគ្រោះចេញពីរថយន្តចំនួន ៣នាក់មាន Xiang kai pi, Chen Sihong និង Huang Shuang Giong រីឯនារីរងគ្រោះ peng Lin hui និង Hua. Na ត្រូវបានជនសង្ស័យ យកទៅជាមួយពួកគេ ដែលរថយន្តនោះ បើកតាមបណ្តោយមាត់ព្រែកឆ្ពោះ ទៅជើងសំដៅស្ពានថ្មី រហូតមានការចាប់ខ្លួនបាននៅក្រុងព្រះសីហនុ។
បើតាមរបាយការណ៍ រវាងជនសង្ស័យ និងជនរងគ្រោះ ស្គាល់គ្នាតាមរយៈ WeChat ហើយមុនកើតហេតុ ជនសង្ស័យបានណាត់ជនរងគ្រោះ មកហូបបាយនៅហាងថាងទីង៕