(កំពង់ធំ)៖ ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តកំពង់ធំ ត្រូវតែត្រៀមលក្ខណៈជានិច្ចទាំងមធ្យោបាយ និងសម្ភារ ដើម្បីចេញអន្ដរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រែងមានហេតុការណ៍អ្វីកើតឡើង ពិសេសគ្រោះធម្មជាតិ។
ការថ្លែងបែបនេះរបស់លោកឧត្តមសេនីយ៍ស្នងការ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញ ត្រួតពិនិត្យកងកម្លាំងនគរបាលដែលបានប្រជុំកងជួរ នៅទីប្រមូលផ្ដុំកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងកិច្ចអន្តរាគមន៍ សង្គ្រោះដល់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋ រងគ្រោះក្នុងហេតុការណ៍ណាមួយ ដែលអាចកើតឡើងជាចៃដន្យទូទាំងខេត្តកំពង់ធំ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បាននាំយកការផ្ដាំផ្ញើថ្លែងអំណរគុណរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដល់កម្លាំងនគរបាលគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបញ្ជេញអស់ពីកម្លាំងកាយចិត្ត ចូលរួមក្នុងកិច្ចប្រតិបត្តិ ថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សង្គម
ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ធានាបានសុវត្ថិភាពល្អទូទាំងខេត្ត។
គួរជម្រាបថា កងកម្លាំងនគរបាលខេត្ដកំពង់ធំទាំងអស់ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានប្រកាន់យកកិច្ច សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អតាមបណ្តាគោលដៅ ទំនាក់ទំនងបោះដៃគ្នាទៅវិញទៅមក ដោយប្រើប្រាស់សមត្ថភាពជំនាញ វិធានជំនាញរបស់ខ្លួន ក្នុងការបង្ការ ទប់ស្កាត់បាន មុខសញ្ញាប្រព្រឹត្ត បទល្មើសផ្សេងៗ ជាពិសេសការបញ្ចៀស នូវការកកស្ទះចរាចរណ៍ នៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនម៉ឺននាក់ អញ្ជើញមកទស្សនាកម្មវិធីសប្បាយភាព ប្រកបដោយភាពសោមនស្សរីករាយក្រៃលែង៕