Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីសាខាកាំកុងត្រូលខេត្តព្រៃវែង ចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ នៅផ្សារព្រែកសណ្តែក រកឃើញទំនិញហួសកំណត់ប្រើប្រាស់ ៣៨គីឡូក្រោម

22-04-2019 14:30

(ព្រៃវែង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដឹកនាំដោយលោក អ៊ុត សុភាព នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារព្រែកសណ្តែក ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៤ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរ ខេត្តព្រៃវែង។

លោក អ៊ុត សុភាព បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញរបស់លោក បានធ្វើការវិភាគបឋមទៅលើផលិតផលទំនិញចំនួន ៣មុខ ស្មើនឹង ៥គំរូ មានដូចជា៖ ត្រីប្រាសំយ៉ុង ត្រីប្រម៉ា សាច់ក្រក ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារ បានជាច្រើនមុខទៀតផងដែរ។

លោកប្រធានសាខា បានបន្តថា នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញកាំកុងត្រូល បានរកឃើញទំនិញហួសថ្ងៃកំណត់ ប្រើប្រាស់ ២មុខ មានទឹកក្រូចដបជ័រចំរុះ ១១៦ដប ស្មើនឹង ២៩គីឡូក្រោម និង ទឹកអូអ៊ិឈិក (TENSAI) ដបតូច ២៤ដប ស្មើនឹង ៩គីឡូក្រោម។ សរុបទំនិញខូចគុណភាព ដែលមន្ត្រីជំនាញដកហូត បានចំនួន ៣៨គីឡូក្រាម។

បន្ទាប់មកមន្ត្រីកាំកុងត្រូលរបស់លោក បានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវផលិត ផលម្ហូបអាហារ ទំនិញហួស ថ្ងៃកំណត់ប្រើប្រាស់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។

ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយ អប់រំណែនាំដល់អាជីវករ ឱ្យយល់ ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវាផងដែរ៕