(មណ្ឌលគិរី)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងជំរុញ ដល់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាបន្ដការងារកាន់តែសកម្ម ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ ១០០% នៅឆ្នាំ២០២៥ ។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «គ្មានជំងឺគ្រុនចាញ់ផ្តើមចេញពីខ្ញុំ» នៅក្នុងបរិវេណសាលាស្រុកកោះញែក ក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី ដោយមានការអញ្ជើញចូលរួមពីលោកវេជ្ជ បណ្ឌិត តាក់កេ ស៊ីកាសៃ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋាន មកពីក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងអន្តរក្រសួង ព្រមទាំងលោក ស្វាយ សំអ៊ាង អភិបាលនៃ គណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំង អង្គការដៃគូសុខាភិបាលពាក់ព័ន្ធ (PSI, HPA, PFD, CRS, MC, MORU, PFD, CHAI, IPC, PSM/USAID, PMI/USAID, MSF, AFRIM, NAMRU2, CARE) សរុបប្រមាណជាង ១,៥០០នាក់។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអានខ្លឹមសារដើមទាំងស្រុងនៃសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្រាប់ទិវាប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្នុងគោលបំណង ដើម្បីជំរុញ និងបំផុសការយល់ដឹង ឲ្យយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ សំដៅលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាពលរដ្ឋកម្ពុជា។
ជាពិសេសជំងឺគ្រុនចាញ់ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់ ខាតបង់ការងារ បាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមាន ដល់ការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នា លើបញ្ហាជំងឺគ្រុនចាញ់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង សមស្រប នឹងដំណើរវិវត្តន៍ នៃសភាពការណ៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុង អភិវឌ្ឍតាមព្រំដែន និងអេកូទេសចរធម្មជាតិព្រៃភ្នំ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងបន្ដថា «យើងត្រូវបន្តការខិតខំ និងត្រូវតែយកចិត្តទុកដាក់អនុវត្តថែមទៀត ក្នុងការបង្ការជំងឺគ្រុនចាញ់ ដោយឲ្យមានការចែក និងប្រើប្រាស់មុងជ្រលក់ថ្នាំឲ្យបានត្រឹមត្រូវ ដោយចាត់ទុកថា មុងគឺជាអាយុជីវិតរបស់ខ្លួន បើទោះបីទៅណា គឺត្រូវតែសំរាន្តក្នុងមុងជ្រលក់ថ្នាំ ហើយត្រូវប្រើប្រាស់មុងឲ្យបានគ្រប់ៗគ្នា ជាពិសេសសម្រាប់បងប្អូនដែលចល័តពីកន្លែងមួយទៅកន្លែងមួយ ដែលទៅធ្វើការនៅតំបន់ព្រៃភ្នំប្រឈមនឹងការឆ្លងជំងឺគ្រុនចាញ់»។
រដ្ឋមន្ដ្រីបន្ដទៀតថា «ប្រសិនបើមានការសង្ស័យកើតជំងឺគ្រុនចាញ់ ត្រូវប្រញាប់ស្វែងរកសេវាធ្វើតេស្តឈាម នៅមូលដ្ឋានសុខាភិបាលសាធារណៈ ឲ្យបានឆាប់រហ័ស ដែលនៅជិតបំផុមរយៈ អ្នកស្ម័គ្រចិត្តភូមិ មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលជំងឺគ្រុនចាញ់ទាន់ពេលវេលា ។ហេតុនេះ ខេត្តទាំងអស់ ត្រូវរួមសហការគ្នា ជាពិសេសមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរដែនដី និងអង្គការដៃគូសុខាភិបាលក្នុងខេត្តនីមួយៗ ចាំបាច់ត្រូវអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានលុបបំបាត់គ្រុនចាញ់ ឱ្យខានតែបាននៅឆ្នាំ២០២៥»។
ក្នុងឱកាសនេះផងដែរ លោកវេជ្ជបណ្ឌិត តាក់កេស៊ី កាសៃ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានសម្ដែងសេចក្តីរីករាយថា កម្ពុជា ការសម្រេចបានជាលើកដំបូង គឺគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នាឆ្នាំ២០១៨ និងបានកាត់បន្ថយករណីជំងឺគ្រុនចាញ់សរុបចំនួន ៤២% នៅចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៦។
លោកវេជ្ជបណ្ឌិត បានថ្លែងទៀតថា តាមរយៈការទស្សនកិច្ចនៅកម្ពុជានេះ លោកពេញចិត្តយ៉ាងខ្លាំង ចំពោះក្រសួងសុខាភិបាល ដែលបានពន្លឿនកិច្ចខិតខំប្រឹងប្រែង គួរឱ្យកោតសរសើររបស់ខ្លួន លើការលុបបំបាត់ជំងឺគ្រុនចាញ់។ អង្គការ សុខភាពពិភពលោក នឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាល ក្នុងការបង្កើតគោលនយោបាយ និងឯកសារណែនាំជាយុទ្ធសាស្រ្តជំរុញការវិនិយោគ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់។
តាមរយ:លទ្ធផលទាំងអស់នេះ លោកវេជ្ជបណ្ឌិត មានជំនឿយ៉ាងមុតមាំថា ប្រទេសកម្ពុជា នឹងលុបបំបាត់ជំងឺគ្រុនចាញ់បានតាមផែនការគ្រោងទុក ស្ថិតក្នុងដំណាក់ចុងក្រោយ ដែលខ្សែបន្ទាត់លុបបំបាត់ជំងឺគ្រុនចាញ់ផ្តាច់ព្រាត់ នៅនឹងចំពោះមុខយើងនេះ ។ជាងនេះទៅទៀត ដើម្បីធានាចំពោះមុខអ្នកទាំងអស់គ្នា អង្គការសុខភាពពិភពលោក នឹងបន្តគាំទ្រដល់កម្ពុជា រួមជាមួយដៃគូរសុខាភិបាលទាំងអស់ក្នុងការងារលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ជំហាន លើមាគ៌ាឆ្ពោះទៅកាន់ការសម្រេចគោលដៅ នាពេលខាងមុខនេះ។
ទន្ទឹមនឹងនេះផងដែរ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក៏បានជំរុញបន្ថែម ដល់អង្គភាពមន្ទីរជុំវិញខេត្តទាំងអស់ រួមសហការគ្នា ជាពិសេសមន្ទីរសុខាភិបាលខេត្ត និងអង្គការ ដៃគូសុខាភិបាលក្នុងខេត្ត អនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅ ក្នុងខេត្តមណ្ឌលគិរីឲ្យបាននៅឆ្នាំ២០២៥៕