(រតនគិរី)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។
វេទិកាដ៏មានសារៈសំខាន់ខាងលើនេះ ប្រារព្ធធ្វើនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ដោយមានវត្តមានចូលរួមពីសំណាក់អនុប្រធាន និងសមាជិក ក្រុមការងារថ្នាក់ជាតិ លោក លោកស្រីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធសរុបជិត ៣០០នាក់។
បន្ទាប់ពីលោក ថង សាវុន អភិបាលខេត្តរតនគិរី ឡើងស្វាគមន៍រួចមក ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ក្រុមការងារថ្នាក់ជាតិប្តេជ្ញាចិត្តចុះសហការ និងជំរុញឲ្យអាជ្ញាធរខេត្ត អនុវត្តផែនការយុទ្ធសាស្រ្តដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឃន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទំរង់នានារបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ខសភា ប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋាន។
លោកបន្តថា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ក្នុងអាណត្តិទី៦នេះ នឹងបន្តសហការជាមួយអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ដោះស្រាយនូវសំណូមពរសំណើ និងកង្វល់របស់ប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធឲ្យបានច្រើន ដោយមិនបានទុកសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធណាម្នាក់ គ្មានដំណោះស្រាយ និងចម្លើយឆ្លើយតបជាដាច់ខាត។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី ក្នុងនាមសមាជិកក្រុមការងារថ្នាក់ជាតិទាំងអស់ បានប្តេជ្ញាថា នឹងចុះបំពេញការងារនៅមូលដ្ឋាន ឲ្យបានញឹកញាប់បំផុត ដើម្បីស្តាប់សំណើរសំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ព្រមទាំងបង្កើតក្រុមការងារតាមដានព័ត៌មានទាំងឡាយ ដែលបានកើតឡើងនៅមូលដ្ឋាន ដើម្បីធ្វើការសម្របសម្រួល និងជំរុញឲ្យអាជ្ញាធរខេត្ត គ្រប់ជាន់ថ្នាក់ ដែលមានសមត្ថកិច្ចដោះស្រាយបញ្ហា ដែលកើតមានឡើងនៅមូលដ្ឋានទាំងនោះ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ជាពិសេស ក្រុមការងារនឹងចុះផ្សព្វផ្សាយគោលនយោបាយ ផែនការយុទ្ធសាស្រ្តជាតិតំណាក់កាលទី៤ និងសមទ្ធិផលធំៗថ្មីៗជាច្រើន ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នាពេលកន្លងមកនេះ និងអ្វីដែលរាជរដ្ឋាភិបាល នឹងធ្វើសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា នៅពេលខាងមុខ ព្រមទាំងអនុវត្តការងារផ្សេងៗទៀត ដូចមានចែងក្នុងសេចក្តីណែនាំ ស្តីពីតួនាទីភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត/ក្រុង។
លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់ដឹកនាំខេត្តព្រមទាំងមន្រ្តីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្តរតនគិរី ដែលបានប្តេជ្ញាចិត្ត ក្នុងការចុះបំពេញការងារនៅមូលដ្ឋាន តាមតួនាទីនិងភារកិច្ច ដែលរាជរដ្ឋាភិបាល បានប្រគល់ជូន ដោយមិនខ្លាចនឿយហត់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់៕