(ស្វាយរៀង)៖ ដោយក្តីផ្សារភ្ជាប់ចំពោះព្រះសាសនា ក្នុងនាមអាជ្ញាធរឃុំក្រោលគោ លោក ភោគ វណ្ណថន មេឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានដឹកនាំក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិជាច្រើនរូបសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តជូនចំពោះព្រះតេជគុណ គង់ ចន្ទ្រា ដែលកំពុងមានអាពាធសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
លោកបានឲ្យដឹងថា ព្រះគ្រូចៅអធិការវត្តក្រោលគោនេះ គឺជាធនធានមនុស្សដ៏សំខាន់សម្រាប់លើកស្ទួយព្រះពុទ្ធសាសនា ដោយបានកសាងទីអារាមវត្តមួយនេះ ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយក៏មានទំនាក់ទំនងល្អជាមួយគណៈកម្មការ គ្រូអាចារ្យ ពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។ មួយវិញទៀត ព្រះអង្គបានបង្ហាត់បង្រៀនកូនសិស្សនេនក្នុងវត្ត ឱ្យចេះចាំនូវព្រះធម៌វិន័យ បាលី សំស្ក្រឹតទៀតផង។
លោក ភោគ វណ្ណថន បានបញ្ជាក់ថា មិនថាតែព្រះសង្ឃនោះទេ ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យតែជួបការខ្វះខាត លោកតែងតែកៀរគរសប្បុរសជន និងថវិកាផ្ទាល់ខ្លួន ចុះនាំអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាចែកជូនទៅតាមតម្រូវការជាក់ស្តែង មិនឲ្យពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយអត់អាហារនោះទេ ជាពិសេសបានដោះស្រាយកង្វល់នានាជូនពលរដ្ឋ និងបានបម្រើសេវាសាធារណៈឆាប់រហ័ស មិនឲ្យមានការថ្នាំងថ្នាក់នោះឡើយ គឺនៅរួមសុខរួមទុក្ខជាមួយពលរដ្ឋ។
សូមបញ្ជាក់ថា ការចុះទៅសួរសុខទុក្ខព្រះគ្រូអធិការវត្តក្រោលគោនេះ លោក ភោគ វណ្ណថន បានប្រគេនបច្ច័យចំនួន ២៥ម៉ឺនរៀល ដល់ព្រះអង្គដែលកំពុងមានអាពាធ និងជូនពរសូមឲ្យឆាប់ជាសះស្បើយ បានទៅបម្រើវិស័យព្រះពុទ្ធសាសនា និងដឹកនាំទីអារាមវត្តក្រោលគោ ឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត៕