(កម្ពុជា-ថៃ)៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងកម្មវិធី៣ផ្សេងគ្នានៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនប្រទេសថៃ។
កម្មវិធីទាំង៣នោះរួមមាន៖ ១. ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន), ២. បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣. ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការ ដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា នៅក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)៖
* សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយដោយបានមកចូលរួមជាមួយ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ដើម្បីប្រារព្ធពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានឆ្លងកាត់ព្រំដែន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដើម្បីភ្ជាប់ប៉ុស្តិព្រំដែននៃប្រទេសយើងទាំង២ កម្ពុជា-ថៃនាពេលនេះ ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលតែងតែជួយឧបត្ថម្ភគាំទ្រក្នុងការរួមចំណែកកសាង និងស្តារ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាក្នុងនាមជាប្រទេសជិតខាង និងនៅក្នុងសហគមន៍អាស៊ានដូចគ្នា ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ស្ថាននេះ គឺជាការបើកនូវទំព័រប្រវត្តិសាស្ត្រថ្មី រវាងប្រទេសយើងទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ហើយដែលប្រទេសយើងទាំង ២ បានប្រសិទ្ធនាមឈ្មោះស្ថាននេះថាជា ស្ថានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ស្ថានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) ជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនខេត្តបន្ទាយមានជ័យ និងប្រជាជនខេត្តស្រះកែវ ពិសេសជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនកម្ពុជា និង ប្រជាជនថៃ ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃប្រទេសយើងទាំងពីរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) បានសាងសង់ដោយកងវិស្វកម្មនៃកងទ័ពថៃ ហើយសិក្សា និងត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃប្រមាណ ៦៧០លានបាត (ស្មើនឹងប្រមាណជាង ១៩ លានដុល្លារ)។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមថវិកាបដិភាគ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ណមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ស្ពាននេះជាស្ថានធំទី១ ដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១ ស្ពានមានប្រវែង៦២ម៉ែត្រ ទទឹង១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ម៉ែត្រ នៅផ្នែកថៃមានប្រវែង៤០៥ ម៉ែត្រ ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) ដែលបានសាងសង់នាពេលនេះ ពិតជាបានជួយសម្រួល ដល់ការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ នៅពេលដែលច្រកព្រំដែន បោយប៉ែត – អារញ្ញប្រាថេត មានការឆ្លងកាត់ទំនិញ និង ទេសចរកាន់តែមមាញឹកយ៉ាងខ្លាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការសាងសង់ស្ថាននេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា និងប្រជាជនថៃ និងបានផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងប្រទេសមហាអនុតំបន់មេគង្គ ដើម្បីសម្រួលដល់ការតភ្ជាប់ទីក្រុងបាងកក-ភ្នំពេញ និងក្រុងហូជីមិញ ក្នុងគោលដៅជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ស្របតាមការគិតគូរបស់សហគមន៍អាស៊ាន និងប្រទេសក្នុងមហាអនុតំបន់មេគង្គ ដែលបានកំណត់ផ្លូវពីបាងកក-បោយប៉ែត- ភ្នំពេញ-ហូជីមិញ ជាផ្លូវអាស៊ានហាយវេលេខ១ និងជាផ្លូវរបៀងសេដ្ឋកិច្ចខាងត្បូង ដើម្បីឱ្យការដឹកជពានទំនិញចេញចូលមានភាពងាយស្រួល។ ម៉្យាងវិញទៀត ស្ថាននេះ នឹងទុកសម្រាប់តែការដឹកជញ្ចូនទំនិញចេញចូលចំណែកឯច្រកព្រំដែនបៅយប៉ែត- អារញ្ញប្រថេត ទុកសម្រាប់តែភ្ញៀវទេសចរឆ្លងកាត់ប៉ុណ្ណោះ ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេចនៅចងចាំថា តបតាមការសន្យារបស់សម្តេច ជាមួយ ឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា សម្តេចបានតែងបទចម្រៀងចំនួន ៤បទ ដែលក្រុមតន្ត្រីរបស់យើង នឹងប្រគុំនាពេលបន្តិចទៀតនេះ ដើម្បីអបអរសាទរចំណងមិត្តភាពកម្ពុជា-ថៃ រឹងមាំស្ថិតស្ថេរចីរកាល។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា។
* លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា លោកមានកិត្តិយសដែលបានមានឱកាសចូលរួមជាសហអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលការសាងសង់ស្ពានមិត្តភាពថៃ-កម្ពុជា បានណងអៀន-ស្ទឹងបត់) ថែមទាំងបានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែនថ្ងៃនេះ
* លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា កាលពីខែកញ្ញា ឆ្នាំ ២០១៧ លោកនិងសម្តេចតេជោ ហ៊ុន សែន បានជួបគ្នាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះក្រៅផ្លូវការកម្ពុជា-ថៃ នៅទីក្រុងភ្នំពេញ។ នៅក្នុងកិច្ចពិភាក្សាពេញអង្គនោះ ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយចំពោះការចាប់ផ្តើមសាងសង់ស្ពាននេះឡើង។
* លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ស្ពានឆ្លងកាត់ព្រំដែនថៃ-កម្ពុជាមួយនេះ ចាត់ទុកជាស្ពានតភ្ជាប់ប្រទេសទាំងពីរដំបូងគេ ស្ពាននេះជា៖ភាពបង្ហាញឱ្យឃើញយ៉ាងច្បាស់ អំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងគ្មានទំនាក់ទំនងដ៏ជិតស្និតជាយូរអង្វែងមកហើយ។
* លោកប្រាយុទ្ធ ចាន់អូចា សង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរ នឹងរួមសហការគ្នាធ្វើឱ្យស្ពាននេះបើកដំណើរការបានទាំងស្រុងក្នុងពេលឆាប់ៗនេះ។
* លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងថា លោកបានជំរុញឱ្យស្ថាប័នដែលទទួលខុសត្រូវចាប់ផ្តើមដំណើរការសាងសង់ អគាររដ្ឋបាលព្រំដែនទីពីរនៅទីនេះ ឱ្យបានលឿនបំផុត ដោយធ្វើឱ្យរួចរាល់ស្របជាមួយនឹងការធ្វើផ្លូវតភ្ជាប់ស្ពានខាងភាគីកម្ពុជា
* លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងថា បន្ទាប់ពីពិធីចាក់បេតុងតភ្ជាប់ស្ពាន និងពិធីបើកក្រណាត់គ្របបង្គោលផ្លាកស្ពានរួចរាល់ហើយនោះ សម្តេចនាយករដ្ឋមន្ត្រី នឹងរៀបចំពិធីបញ្ចុះបឋមសិលា ដើម្បីសាងសង់អគារច្រកគយ និងផ្លូវតភ្ជាប់ស្ពានខាងភាគីកម្ពុជា។
* លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ក្នុងកំឡុងពេលដែលការសាងសង់អគាររដ្ឋបាលព្រំដែនខាងភាគីថៃ និងការធ្វើផ្លូវតភ្ជាប់ស្ពានខាងភាគីកម្ពុជាមិនទាន់រួចរាល់ រាជរដ្ឋាភិបាលថៃមានការប្តេជ្ញា នឹងត្រៀមរួចរាល់ក្នុងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ធ្វើយ៉ាងណាសម្រេចឱ្យបានលឿន ដើម្បីសម្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងសហគមន៍អាស៊ាន ដូចជាការរៀបចំកិច្ចព្រមព្រៀងពាក់ព័ន្ធផ្លូវច្បាប់ក្នុងការឆ្លងដែនតាមស្ពាននេះ ឱ្យបានចប់សព្វគ្រប់ទាន់ពេលដើម្បីបើកបំរើសេវាដល់ប្រជាជន ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅខាងមុខច្រកព្រំដែនខ្លងលឹកបច្ចុប្បន្ន និងបើកច្រកដឹកជញ្ជូនទំនិញឆ្លងដែនថ្ឱ្យមានភាពងាយស្រួលជាងមុន។
* លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ស្ពាននេះថែមទាំងជានិមិត្តរូបនៃភាពជោគជ័យនៃការអនុវត្តន៍ការងាររួមគ្នារវាងមន្ត្រីទាំងពីរភាគី ហើយនិងបន្តភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រជាជនថៃ និងប្រជាជនកម្ពុជា
* លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងថា តាមរយៈស្ពានថ្មីនេះ នឹងជំរុញការសម្របសម្រួលឱ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗទៀត ដូចជា វិស័យសេដ្ឋកិច្ច គមនាគម(ការតភ្ជាប់) សង្គមនិងវប្បធម៍ អប់រំ កសិកម្ម និងទេសចរណ៍ អោយឆ្ពោះទៅរកការអភិវឌ្ឍន៍ និងភាពរីកចម្រើនព្រមគ្នា។
* លោកប្រាយុទ្ធ ចាន់អូចា ចាត់ទុកថា ស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន-ស្ទឹងបត់) ជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់ប្រទេសទាំងពីរ ជាកាដូរដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ តាំងចិត្តផ្តល់ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ រួមទាំងសហគមអាស៊ានបានប្រើប្រាស់ជាប្រយោជន៍ក្នុងការភ្ជាប់ទំនាក់ទំនងគ្នានៃគ្រប់ផ្នែកទាំងអស់ ពិសេសជាមោទនភាពដែលស្ពាននិងផ្លូវបានចាប់ផ្តើម និងសាងសង់រួចរាល់ក្នុងអាណត្តិរដ្ឋាភិបាលរបស់យើងទាំងពីរ។
* លោក ប្រាយុទ្ធ ចាន់អូចា បានអះអាងថា គោលការណ៍នៃកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលថៃជាមួយរាជរដ្ឋាភិបាលកម្ពុជា នឹងមានជាបន្តបន្ទាប់ ដោយភាពស្មោះត្រង់ ជិតស្និទ្ធ និងគង់វង្សជារៀងរហូត ហើយនៅឆ្នាំក្រោយជាខួបលើកទី៧០ នៃទំនាក់ទំនងខាងការទូតរវាងថៃនិងកម្ពុជា ដែលអាចនឹងចំពេលគ្នាជាមួយនឹងវិវត្តនភាពនៃការកសាង និងការបើកច្រកថ្មីនេះ។
* លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ចប់ថ្លែងសុន្ទរកថា៕