(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង បានប្រកាសបន្ថែមក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង ចំនួន១៤៦នាក់ថ្មីបន្ថែមទៀត ដើម្បីបន្តការងារសម្រាប់ក្រុមការងារនីតិកាលទី៦ នៃរដ្ឋសភា របស់ក្រុមការងារថ្នាក់ជាតិចុះខេត្តស្វាយរៀង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងប្រកាសយ៉ាងដូចនេះនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តស្វាយរៀង ពិធីនេះមានការចូលរួមពីអស់លោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិ និងអ្នកដែលពាក់ពន្ធ័ប្រមាណ១,០០០នាក់ផងដែរ។
លោកស្រី ម៉ែន សំអន បានថ្លែងកោតសរសើរដោយស្មោះ ចំពោះអស់ លោក លោកស្រី ដែលបានចុះផ្ទាល់តាមមូលដ្ឋាន និងបានយកអស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច និងជួយគាំទ្រយ៉ាងសកម្មគ្រប់សកម្មភាព រួមចំណែកតាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងរួមចំណែកជួយខេត្តស្វាយរៀង ទទួលបានជោគជ័យរាល់ភារកិច្ចជាបន្តបន្ទាប់ ពិសេសការធានាស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលបានបង្ករលក្ខណៈងាយស្រួល ដល់ការអភិវឌ្ឍលើគ្រប់វិស័យ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងទៀតថា ក្រុមការងារត្រូវទាក់ទង ដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយ ជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿរជាក់លើរាជរដ្ឋាភិបាល។ ក្តាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយជួយសម្រួល និងដោះស្រាយឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿរជាក់លើរាជរដ្ឋាភិបាល។
លោកស្រីបានបន្តថា ក្រុមការងារត្រូវបន្តអនុវត្តឲ្យជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ធ្វើកំណែទម្រង់ស៊ីជម្រៅ កាត់បន្ថយភាពអសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដោយបន្តការអនុវត្តតាមទិសស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ។ រាជរដ្ឋាភិបាល ក៏បានត្រៀមលក្ខណៈ ជាស្រេចដើម្បីធ្វើកំណែទម្រង់នានា ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល និងវិស័យឯកជន ដើម្បីទទួលបានផលចំណេញជាអតិបរិមាពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទៅក្នុងសហគមសេដ្ឋកិច្ចអាស៊ាន ក្នុងតំបន់ផ្សេងទៀត និងក្នុងសកលលោក៕