(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងភរិយា តំណាងឱ្យលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩នេះ បានចុះទៅសួរសុខទុក្ខ និងពាំនាំនូវអំណោយរបស់ឧបនាយករដ្ឋមន្ត្រី ទៅជូនអ្នកស្រីថោង សូនី អាយុ ៥៣ឆ្នាំ សព្វថ្ងៃរស់នៅវត្តកោះជុំ គ្មានកូនចៅ បងប្អូន សាច់ញាតិ កំពុងសម្រាកនៅផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យខេត្តស្វាយរៀង ។
អំណោយដែលផ្តល់ជូនអ្នកស្រី ថោង សូនី រួមមាន៖ មី ១កេស, ទឹកផ្លែឈើ ១កេស, ទឹកដោះគោឆៅ១ឡូ, ទឹកដោះខាប់២កំប៉ុង, ស្ករស២គីឡូក្រាម និងថវិកា៥០០,០០០រៀល ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើការសួរសុខទុក្ខ និងអាណិតអាសូរដល់អ្នកស្រី ថោង សូនី ជាពន់ពេក ហើយនឹងជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺ។
អ្នកស្រី ថោង សូនី មានចិត្តរំភើប ត្រេកអរឥតឧបមាដែលមានថ្នាក់ដឹកនាំល្អ ដឹងពីសុខទុក្ខប្រជារាស្រ្ត ដូចលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាដើម។ អ្នកស្រីក៏បានគោរពជូនពរលោកស្រីកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី មានសុខភាពល្អ ទទួលបានជ័យជំនះគ្រប់ភារកិច្ច និងឈ្នះអស់មារសត្រូវគ្រប់ទិសទី ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា លោក និងភរិយា បានឃើញអ្នកស្រី ថោង សូនី ឈឺធ្ងន់កំពុងសម្រាកនៅវត្តកោះជុំ មានជំងឺប្រចាំកាយ ស្ពឹកជើងសងខាង ស្លេកស្លាំង ខ្វះឈាមច្រើន មិនហ៊ានមកពេទ្យពីព្រោះគ្មានលុយ គ្មានកូនចៅ បងប្អូន សាច់ញាតិកំដរ ។ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ពន្យល់គាត់ពីការព្យាបាលអ្នកជំងឺក្រីក្រឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ។ លោកបានចាត់ចែងបញ្ជូនគាត់ទៅសង្គ្រោះ ព្យាបាល និងបញ្ចូលឈាម៤ស្បោង ដោយឥតគិតថ្លៃ នៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។
លោកវេជ្ជបណ្ឌិត បានស្នើសុំអ្នកស្រី ថោង សូនី ឱ្យសម្រាកព្យាបាលរហូតដល់ជាសះស្បើយ បើសិនជាត្រូវបញ្ចូលឈាមទៀត មន្ទីរពេទ្យនឹងផ្តល់ជូនទៀត ដោយមិនឱ្យលោកយាយបង់ប្រាក់ទេ ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ក៏បានអគុណចំពោះលោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យខេត្តស្វាយរៀងដែលបានជួយសម្រួល និងអនុគ្រោះដល់លោកយាយផងដែរ ៕