(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការសិក្សារៀបចំ ផែនការមេអភិវឌ្ឍន៍សមាហរណ (Integrated Master Development Plan) នៅតំបន់សៀមរាប-អង្គរ និងនៅតំបន់ជុំវិញ ដែលនឹងមានផលិតផលទេសចរណ៍ថ្មីៗបន្ថែម ក្នុងនោះក៏មានលំនៅដ្ឋានទី២របស់ភ្ញៀវទេសចរវ័យចំណាស់ និងចូលនិវត្តន៍ផងដែរ។
បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា «ផែនការមេអភិវឌ្ឍន៍សមាហរណ» នេះមានរួមបញ្ចូលស្ទើរតែគ្រប់វិស័យ រួមមាន៖ វិស័យទេសចរណ៍ វប្បធម៌ សិល្បៈ សាធារណការ ទឹកស្អាត កីឡា សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការគ្រប់គ្រង សំណល់រឹងរាវធនធានទឹក ថាមពល អគ្គិសនី ហេដ្ឋារចនាសម្ពន្ធរឹង-ទន់ជាដើម សំដៅធ្វើយ៉ាងណាឱ្យខេត្តសៀមរាប ទាំងទីក្រុង និងតំបន់ជុំវិញ មានផែនការមេអភិវឌ្ឍន៍ច្បាស់លាស់។
ព្រមជាមួយគ្នានោះ នៅតំបន់អង្គរក៏នឹងមានកិច្ចសហការដោយហ្មត់ចត់ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា អង្គការយូណេស្កូ គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor) ដើម្បីគិតគូរពិចារណារបង្កើតឱ្យមានសកម្មភាពនៅពេលរាត្រីដ៏សមស្របផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា ផ្អែកតាមសក្តានុពលជាក់ស្តែង កម្ពុជាក៏ចាំបាច់សិក្សាបង្កើតគម្រោងរៀបចំតំបន់ទេសចរណ៍ពិសិដ្ឋ រួមមាន៖ លំនៅដ្ឋានទី២របស់ទេសចរវ័យចំណាស់ ឬចូលនិវត្តន៍ (Second Home) ព្រមទាំងតំបន់ទេសចរណ៍សុខភាព Medical Tourism និងសម្រាកលំហែរជាដើមផងដែរ ដែលជាផលិតផលទេសចរណ៍ថ្មីៗ សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើននិងស្នាក់នៅបានយូរ។
លោកបានបន្តថា បញ្ហាសំខាន់នៅតំបន់អង្គរ និងតំបន់ជុំវិញ គឺការយកចិត្តទុកដាក់បង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងប្រុងប្រយ័ត្នខ្ពស់។
លោកបន្តថា គម្រោងលំនៅដ្ឋានទី២ ឬ Second Home សម្រាប់ភ្ញៀវទេសចរនេះ អាចរៀបចំបាននៅទូទាំងប្រទេស ឱ្យតែមានទីតាំងសមស្រប។
លោករដ្ឋមន្ត្រីបានបន្តទៀតថា យោងតាមអនុក្រិត្យរបស់រារដ្ឋាភិបាល «រដ្ឋ ឬឯកជន ឬចម្រុះរដ្ឋ ដែលមានដីចាប់ពី ១០០ហិកតាឡើង អាចរៀបចំលំនៅដ្ឋានទី២សម្រាប់ភ្ញៀវទេសចរ ហើយពួកគេក៏អាចលើកពីគម្រោងអភិវឌ្ឍន៍របស់ខ្លួន ដាក់ជូនរាជរដ្ឋាភិបាលសម្រេចផងដែរ រាជរដ្ឋាភិបាលនឹងជួយវិស័យឯកជន តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ទឹក ភ្លើង ផ្លូវ ហើយវិស័យឯកជនជាអ្នកបោះទុនលើការវិនិយោគផ្ទាល់» ។
ពាក់ព័ន្ធនឹងគម្រោងរៀបចំឱ្យមានផលិតផលទេសចរណ៍ថ្មីៗ នៅខេត្តសៀមរាបនេះ លោករដ្ឋមន្ត្រី ថោង ខុន មិនទាន់អាចបញ្ជាក់ឲ្យដឹងពីទីតាំងណាខ្លះ ទំហំ ទុនវិនិយោគ និងពេលវេលានៅឡើយទេ ដោយលោករដ្ឋមន្ត្រីបញ្ជាក់ត្រឹមថា ក្រោយការសិក្សាចប់រយៈពេល៦ខែ ទើបយើងអាចដឹងពីផែនការលម្អិត៕