(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ ចុះពិនិត្យការចែកទឹកស្អាតជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ដែលកំពុងខ្វះខាតទឹកស្អាតនៅរដូវប្រាំងនេះ។
ដោយសាររដូវប្រាំងក្តៅហួតហែងខ្លាំង បណ្តាលឲ្យប្រភពទឹកក្នុងសង្កាត់ព្រៃវែង ទទួលរងនូវការរាំងស្ងួត អណ្តូងមិនចេញទឹក ដោយមើលឃើញពីការលំបាក របស់ប្រជាពលរដ្ឋដែលខ្វះខាតទឹក ស្អាតប្រើប្រាស់ រដ្ឋបាលខណ្ឌដង្កោ ក៏ដូចជាគណបក្សខណ្ឌ ដោយសហការជាមួយ ក្រុមពន្លត់អគ្គិភ័យរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនស្រាបៀរកម្ពុជា ដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតមកដល់ថ្ងៃទី២១នេះ ដោយប្រើប្រាស់ទឹកអស់ចំនួន ប្រមាណ ២០ម៉ឺនលីត្រ។
លោកអភិបាល បានចុះពិនិត្យគុណភាពទឹកដែលបានចែកជូនប្រជាពលរដ្ឋ ជាទឹកស្អាតរបស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ អាចទទួលបាន ហើយបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋឲ្យចេះរក្សាទឹក ទុកឲ្យបានត្រឹមត្រូវ និងប្រើប្រាស់ដោយសន្សំសំចៃ ដោយសាររដូវប្រាំងក្តៅខ្លាំង ដូច្នេះតម្រូវការទឹកក៏មានច្រើន។
រដ្ឋបាលខណ្ឌ និងគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ នឹងនៅតែបន្តជួយដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់រហូតដល់រដូវវស្សាចូលមកដល់ ព្រមទាំងជួយសម្រួលដល់ការលំបាកនានារបស់បងប្អូនផងដែរ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានសម្ដែងនូវអំណរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ គិតគូរពីការលំបាក និងតម្រូវការរបស់ពួកគាត់ ហើយជានិច្ចកាលតែងបានចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនពួកគាត់ជាប់ជាប្រចាំ៕