(ភ្នំពេញ)៖ ចាប់ពីវេលាម៉ោង ១០៖០០យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងត្រូវបិទជាបណ្តោះអាសន្នសិន ដើម្បីរៀបចំកម្មវិធីសម្ពោធបើកដំណើរការ ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀង និងស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក។
ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានជូនដំណឹងថា ចាប់ពីម៉ោង២២៖០០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះតទៅ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានបិទជាបណ្ដោះអាសន្ន រហូតដល់ចប់កម្មវិធីថ្ងៃ២២ ខែមេសា ឆ្នាំ២០១៩ ទើបបើកដំណើរការជាធម្មតាវិញ។ ដូចនេះសូមអស់លោកជ្រាប និងអនុវត្តន៍តាមខ្លឹមសារខាងលើ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងជួយផ្សព្វផ្សាយបន្តផង។
បើតាមមន្រ្តីនគរបាលប៉ុស្តិ៍ គ្រប់មធ្យោបាយធ្វើដំណើរមិនអនុញ្ញាតឲ្យឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចាប់ពីម៉ោង ១២ថ្ងៃត្រង់នេះហើយ គឺអនុញ្ញាតឲ្យតែថ្មើរជើងប៉ុណ្ណោះឆ្លងកាត់។
សូមបញ្ជាក់ថា នៅថ្ងៃសម្ពោធបើកដំណើរការស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀង និងស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយ៍បានខ្លងលឹកមកស្ថានីយប៉ោយប៉ែត៕