(ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ទរណ៍ បានធ្វើទស្សនកិច្ចទៅកាន់តំបន់កម្សាន្តដ៏ស្រស់ស្អាត បែបស៉ីវិល័យ នៃឆ្នេរភ្លោះកោះឋានសួគ៌នៃមណីយ៍ដ្ឋាន «ម៉ាហ្វីយ៉ារីហ្សត» មានទីតាំងស្ថិតនៅឆ្នេរភ្លោះ កោះឆ្នេរឋានសួគ៌ សង្កាត់កោះរ៉ុង។
បន្ថែមលើនេះ ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិទាំងនោះ ក៏បានកោតសរសើរចំពោះស្ថាបនិក ដែលបានចូលរួមសហការគ្នាអភិវឌ្ឍ ឬបង្កើតឲ្យមានឆ្នេរកម្សាន្ត ដ៏មានអនាម័យ មានបរិស្ថានល្អ តាមបែបធម្មជាតិ និងមានលក្ខណៈជាខ្មែរពិតៗ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំថ្នាក់ជាតិទាំងនោះ ក៏បានលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរ ឬស្ថាបនិក ដែលបានបង្កើតឲ្យមាន ឆ្នេរកម្សាន្តដ៏ស៉ីវិល័យ និងស្រស់ស្អាត សម្រាប់បម្រើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកសម្រាកលំហែកម្សាន្តនៅគ្រប់រដូវកាល។
ទាំងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, រដ្ឋមន្ត្រី ស៊ុយ សែម និងលោក អ៊ុក សាវុធ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដែលបានចូលទៅទស្សនាដល់ឆ្នេរកោះឋានសួគ៌ កាលពីថ្ងៃទី២០ ខែមេសា ក៏បានកោតសរសើរដល់ប្រតិបត្តិករទេសចរ ឬវិស័យឯកជននានា ដែលបានរួមគ្នាបង្កើតឲ្យមានសេវាស្នាក់នៅប្រកបដោយផាសសុកភាពមានឈ្មោះថា «ម៉ាហ្វីយ៉ារីហ្សត» និង «កោះឋានសួគ៌ រីហ្សត» ដោយមានបម្រើទាំងសេវាស្នាក់នៅ សេវាចំណីអាហារ និងមានឧបករណ៍កម្សាន្តជាច្រើនប្រភេទ សម្រាប់ផ្តល់ជម្រើសកម្សាន្តសប្បាយរីករាយ ជូនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។
ផ្តើមពីបញ្ហានេះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានផ្តាំផ្ញើដល់វិស័យឯកជន ឬស្ថាបនិក ឆ្នេរភ្លោះ កោះឋានសួគ៌ កោះរ៉ុង ឲ្យបន្តសហការគ្នា លើការងារថែរក្សាអនាម័យបរិស្ថានឲ្យបានល្អ ជាពិសេសសេវាម្ហូបអាហារ ត្រូវឲ្យមានអនាម័យ និងឆ្ងាញ់ពិសារ ហើយត្រូវកំណត់តម្លៃឲ្យបានសមរម្យ។ បន្ថែមលើនេះ ក៏ត្រូវរួមគ្នាបន្តពង្រឹងរឹតបន្តឹង ទៅលើការងារថែរក្សាសុខសុវត្ថិភាព ជូនភ្ញៀវទេសចរ ឲ្យបានជាប់ជាប្រចាំ និងមានការទទួលខុសត្រូវខ្ពស់។
ជាការឆ្លើយតប លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមវិស័យឯកជន និងជាម្ចាស់ «ម៉ាហ្វីយ៉ា រីហ្សត« ឆ្នេរភ្លោះកោះឋានសួគ៌ នៃកោះរ៉ុង បានបង្ហាញមោទនភាព ចំពោះវត្តមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, ទេសរដ្ឋមន្ត្រី ស៊ុយ សែម និងលោក អ៊ុក សាវុធ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច និងពិនិត្យទៅលើហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់បម្រើដល់វិស័យទេសចរណ៍ នៅដល់ឆ្នេរភ្លោះកោះឋានសួគ៌ នៃសង្កាត់កោះរ៉ុង ក៏ដូចជាមកទស្សនា «ម៉ាហ្វីយ៉ា រីហ្សត» មួយនេះ។
លោកឧកញ៉ា ទៀ វិចិត្រ បន្តឲ្យដឹងទៀតថា បច្ចុប្បន្ននេះ រមណីយដ្ឋាន ឬ «ម៉ាហ្វីយ៉ារីហ្សត» បានត្រៀមរៀបចំបង្កើតឲ្យមានសេវាបម្រើផ្សេងៗជាច្រើនទៀត សម្រាប់ផ្តល់ជម្រើស ជូនភ្ញៀវទេសចរជាតិ និងទេសចរបរទេស ឲ្យចូលមកសម្រាកកម្សាន្ត ឲ្យទទួលបានភាពកក់ក្តៅ មានដូចជា៖ ទីកន្លែងស្នាក់នៅ សេវាចំណីអាហារ ឬអាហារដ្ឋាន និងទីកន្លែងលំហែ ព្រមទាំងមានបម្រើនូវឧបករណ៍ ដែលបម្រើដល់ការកម្សាន្តរបស់ភ្ញៀវទេចរជាច្រើនប្រភេទទៀត។
លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា នាថ្ងៃខាងមុខនេះ «ម៉ាហ្វីយ៉ារីហ្សត» នឹងមានរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ចម្រុះ ឲ្យបានច្រើនទៀត ដើម្បីផ្តល់ជម្រើសសប្បាយរីករាយ ជូនភ្ញៀវទេសចរចម្រុះជាតិសាសន៍ ប្រយោជន៍រួមចំណែក ទាក់ទាញភ្ញៀវទេសចរជាតិ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ ឲ្យចូលមកទស្សនាប្រទេសកម្ពុជា ក៏ដូចជាចូលមកទស្សនាខេត្តព្រះសីហនុឲ្យបានច្រើន ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ជាតិឲ្យរីកចម្រើនថែមទៀត៕