(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន តំណាងរាស្រ្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរពីក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ នៅខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ហើយបញ្ហាគ្រោះធម្មជាតិខ្យល់កន្រ្តាក់នេះ ជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងសុំស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាខា អនុសាខាកាកបាទក្រហមកម្ពុជា ឲ្យជួយតាមដានបញ្ហាគ្រោះធម្មជាតិនេះ ដើម្បីអាចជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ជាមួយនឹងគិតគូរសុខទុក្ខ លោក កែ គឹមយ៉ាន បាននាំយកអំណោយរបស់សាខាកាកបាទក្រហមសាខាខេត្តបន្ទាយមានជ័យ ចែកជូន ប្រជាពលរដ្ឋ៣២៧គ្រួសារ ក្នុង១គ្រួសារទទួលបាន ឃីត១រួមមាន ៖ អង្ករ ២៥គីឡូ, ត្រីខ១០កំប៉ុង, មី១កេស, ប្រេងឆា១លីត្រ, ទឹកស៊ីអ៊ីវ៣ដប, នំធុង១ធុង, ទឹកសុទ្ធ១កេស, មុង១, សារុង២, ក្រម៉ា១, ភួយ១ និងថវិកា៥ម៉ឺនរៀល។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាននាំយកអំណោយផ្ទាល់ខ្លួនឧបត្ថម្ភជូន ដល់កងកម្លាំង៤អង្គភាព, នូវមីចំនួន២៤០កេស, ថវិកាចំនួន៩លានរៀល, សាលាបឋមសិក្សាតាបែន ១លានរៀល, មណ្ឌលសុខភាព ថវិកា១លានរៀល, យុវជនកាកបាទក្រហម ថវិកា៥០ម៉ឺនរៀល, ឧបត្ថម្ភដល់ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកភ្នំស្រុក ស្រុកអូជ្រៅ ស្រុកម៉ាឡៃ ស្រុកមង្គលបូរី ក្នុង១ស្រុកៗ ទទួលបានថវិកា១លានរៀល, ឧបត្ថម្ភ ស្រុកស្វាយចេក ថវិកា២លានរៀល, ឧបត្ថម្ភ ឃុំតាបែន ថវិកា១លានរៀល និងឧបត្ថម្ភស័ង្គសី ជាង៦ពាន់សន្លឹក៕