(រតនគិរី)៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ តុលាការខេត្តរតនគីរី បានចេញដីកាឃុំខ្លួន ជនជាតិវៀតណាមចំនួន ១២នាក់ ពាក់ព័ន្ធនាំគ្រឿងចក្រចំនួន ៦គ្រឿងឆ្លងដែនខុសច្បាប់ ចូលទឹកដីកម្ពុជា ក្រោយពីកម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានបញ្ជួនពួកគេទៅកាន់តុលាការកាលពីម្សិលមិញ។
លោក អ៊ុក គឹមជន់ ប្រធានពន្ធនាគារភ្នំស្វាយខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ថា លោកបានទទួលជនជាតិវៀតណាមទាំង ១២នាក់ ដែលតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ដាក់ពន្ធនាគារហើយនៅព្រឹកថ្ងៃនេះ។
សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខេត្តរតនគិរី ក្រោមការបញ្ជាផ្ទាល់ពី លោក ថង សាវុន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ១២នាក់ និងគ្រឿងចក្រ ៦គ្រឿង នៅក្រុមហ៊ុន នុភាពសុភី។
ក្រោយឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថ បានប្រគល់ ជនជាតិវៀតណាម ចំនួន ១២នាក់ ឲ្យទៅខាងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចាត់ការតាមនីតិវិធី។ ដោយឡែក គ្រឿងចក្រចំនួន ៦គ្រឿង ខាងកម្លាំងកងរាជអាវុធហត្ថ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ជាអ្នកគ្រប់គ្រងនៅក្នុងបរិវេណក្រុមហ៊ុន នុភាពសុភី តំបន់អូរតាយ៉ាក ឧទ្យានជាតិវីរៈជ័យរតនគិរី ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។
តាមការបញ្ជាក់ពីសមត្ថកិច្ច ជនជាតិវៀតណាមទាំង ១២នាក់នេះ និងគ្រឿងចក្រចំនួន ៦គ្រឿង គឺចូលមកដោយខុសច្បាប់តាមច្រកព្រៃ បង្គោលការពារព្រំដែន លេខ១៤ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លេខ ៥០៥ (ប៉ុស្តិ៍ភូមិចង) ខេត្តរតនគិរី ជាប់ព្រំប្រទល់ ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន៧១១ ស្រុកម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាម តាមរយៈឈ្មោះ សេក វិរៈ តំណាងក្រុមហ៊ុន នុភាពសុភី និងវៀតណាមឈ្មោះ VO NGU YEVSA កាន់អត្តសញ្ញាណប័ណ្ណលេខ ២៣៣១២៤២៣៤។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅខេត្តរតនគិរី បានបង្ហើបឲ្យដឹងថា ករណីជនជាតិវៀតណាមនាំគ្រឿងចក្រ ចូលមកឈូសឆាយដីព្រៃចូលជ្រៅដល់ ក្នុងដីកម្ពុជាខាងលើមិនមែនពួកគេចេះតែលួច ចូលដោយឯកឯងនោះទេ គឺសុទ្ធតែមានការឃុបឃិតគ្នាអនុអនុញ្ញាតឲ្យចូលទើបពួកគេហ៊ានចូល។
ក្នុងនោះតាមដឹង មានមន្ត្រីនគរបាលទទួលបន្ទុកព្រំដែនម្នាក់ជាអ្នកបើកភ្លើងខៀវទៀតផង។ ដូច្នេះ ដើម្បីចង់ដឹងច្បាស់ គណៈកម្មការស្រាវជ្រាវករណីនេះ គួរតែស្រាវជ្រាវវែករកមុខឲ្យឃើញការពិតថា តើពិតជាមានការឃុបឃិតគ្នាមែនឬអត់? ហើយមន្ត្រីសមត្ថកិច្ចណាជាអ្នកឲ្យចូល កុំចេះតែចោទដាក់អ្នកនេះ ឬអ្នកនោះខ្វះការពិត៕