(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តស្វាយរៀង បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុក្ដៅខ្លាំង និបញ្ហាគ្រោះអគ្គិភ័យ សំដៅចៀសវាងគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ។
ការថ្លែងរបស់លោកស្រី ម៉ែន សំអន បែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលក្នុងវត្តទួលតាព្រហ្ម ស្ថិតក្នុងភូមិស្វាយតាភ្លរ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានប្រជាពលរដ្ឋចូលរួមជាង ១,០០០នាក់ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។
ថ្លែងក្នុងពិធីខាងលើ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ប្រុងប្រយ័ត្នខ្ពស់ ដោយសារអាកាសធាតុមានការប្រែប្រួលឡើងកំដៅខ្លាំង និងប្រយ័ត្នចំពោះអគ្គិភ័យដែលកើតឡើងជាយថាហេតុ។
លោកស្រីបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ដល់ការអនុវត្តនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវចៀសឲ្យផុតពីគ្រឿង ញៀន និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជា ការបញ្ជាក់សំបុត្រកំណើត ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារនានាដែលប្រជាពលរដ្ឋចាំបាច់ ត្រូវការសេវាពីអាជ្ញាធរ គឺត្រូវតែអនុវត្ត និងផ្តល់ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់។ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកគ្រូអ្នកគ្រូត្រូវធ្វើជាគំរូល្អជាគ្រូបង្រៀនល្អ និងប្រកបដោយក្រមសីលធម៌ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងបានធនធានមនុស្ស ប្រកបដោយចំណេះដឹងខ្ពស់ និងអត្តចរិតចរិយាល្អ សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ និងត្រូវធ្វើជាកូនល្អ សិស្សល្អ និងមិត្តល្អ។
មិនតែប៉ុណ្ណោះ លោកស្រី ម៉ែន សំអន បានបំផុសឱ្យប្រជាពលរដ្ឋត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានាឱ្យបានគង់វង្ស សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
លោកស្រីថា ប្រជាពលរដ្ឋត្រូវជឿទុកចិត្ដលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដរាបណានៅមានសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា នោះសម្ដេចតេជោ និងជាប្រធានគណបក្សប្រជាជនកម្ពុជា មិនបោះបង់ប្រជាពលរដ្ឋឡើយ គឺនៅតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច។
លើសពីនេះ លោកស្រីបានអំពាវនាវឱ្យអង្គបោះឆ្នោតត្រូវត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាខេត្ត ឱ្យបានរួចជាស្រេច ចាំតែថ្ងៃបោះឆ្នោតត្រូវទៅបោះឆ្នោតឱ្យបានគ្រប់គ្នា៕