(ភ្នំពេញ)៖ ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ យើងសង្កេតឃើញថា ស្ដ្រីបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ សង្គមជាតិឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងនោះមានវិស័យជាច្រើនបាន បង្ហាញអំពីវត្តមានយ៉ាងសកម្មរបស់ស្រី្ត ដូចជា វិស័យនយោបាយ អប់រំ សុខាភិបាល និងជាពិសេស ក្នុងវិស័យការងារ ដែលគ្របដណ្ដប់ទៅលើផ្នែក ឧស្សាហកម្ម កសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម សេវាកម្ម និងដឹកជញ្ជូនជាដើម ។
សម្រាប់វិស័យការងារនេះផងដែរ សិទ្ធិ និងអត្ថប្រយោជន៍របស់ស្រ្តីត្រូវទទួលបានការគាំពារ ដើម្បីលើកកម្ពស់ និងជម្រុញឱ្យស្ដ្រីមានភាពក្លាហានក្នុងការចូលរួម និងបញ្ចេញសមត្ថភាពរបស់ខ្លួនឱ្យបាន ទូលំទូលាយ និងមានប្រសិទ្ធិភាពជាងមុន ។ ការចូលរួមរបស់ស្រ្តីក្នុងវិស័យការងារ បានផ្តល់ឲ្យស្រ្តីមកវិញនូវសិទ្ធិ និងអត្ថប្រយោជន៍ជាច្រើន ។
សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី “អត្ថប្រយោជន៍ដែលស្រ្តីទទួលបានក្នុងវិស័យការងារ” ដែលដកស្រង់ចេញពី ច្បាប់ស្ដីពីការងារនៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនទៀត មកបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត និងជាពិសេសបងប្អូនស្រ្តីជាកម្មការីនិយោជិត ដូចតទៅ៖
ជាការពិតណាស់ ស្រ្ដីបច្ចុប្បន្នមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់មិនចាញ់បុរស ក្នុងការបំពេញការងារនានាឡើយ តែដោយហេតុថា ស្រ្តីជាភេទដែលងាយទទួលរងផលប៉ះពាល់ និងការបំពានទាំងផ្នែកស្មារតី និងរូបរាងកាយ ឬការរើសអើងជាដើម ។ ហេតុដូច្នេះ សង្គមបានយកចិត្តទុកដាក់ និងការពារស្ត្រីពីផលប៉ះពាល់ទាំងនោះតាមរយៈរូបភាពផ្សេងៗដូចខាងក្រោម៖
* សមភាពការងារ
សមភាពការងារ នៅត្រង់ចំណុចនេះ គឺសំដៅទៅលើភាពស្មើគ្នា ដែលកម្មករនិយោជិតទាំងជាបុរស និងជាស្ដ្រីត្រូវទទួលបានពីសហគ្រាស ឬ គ្រឹះស្ថានដែលខ្លួនបំពេញការងារ ។ ស្ដ្រីត្រូវទទួលបានប្រាក់កំរៃ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការតម្លើងថ្នាក់ ឬឋានន្តរសក្ដិ ការកំណត់បែងចែកការងារ និងលក្ខខណ្ឌការងារផ្សេងៗ ដូចទៅនឹងបុរសដែរ សម្រាប់ការងារ និងតួនាទី។
ជាឧទាហរណ៍៖ ប្រសិនបើ កម្មករបុរសដែលទទួលបន្ទុក លើផ្នែកត្រួតពិនិត្យគុណភាពសំលៀកបំពាក់ ទទួលបានប្រាក់បៀវត្សចំនួន ១៨២ ដុល្លារក្នុង ១ខែ នោះកម្មការនីដែលទទួលបន្ទុកលើផ្នែកដូចគ្នានេះ ក៏ត្រូវទទួលបានប្រាក់បៀវត្សស្មើគ្នាដែរ ហើយកម្មករកម្មការនីទាំងពីរភេទ ត្រូវធ្វើការចំនួន ៨ ម៉ោងក្នុង១ថ្ងៃ ឬសែសិបប្រាំបីម៉ោងក្នុងមួយសប្តាហ៍ មិនបូករួមទាំងម៉ោងសម្រាក ដូចគ្នាផងដែរ ។
ដោយឡែកចំពោះការងារខ្លះ អាចធ្វើការថែមម៉ោង ដោយមិនឱ្យលើសពី ២(ពីរ)ម៉ោង ក្នុងមួយថ្ងៃ ទៅតាមស្ថានភាពជាក់ស្តែង ដោយទទួលបានប្រាក់ថែមម៉ោងទៅតាមច្បាប់កំណត់។
* ការរំលោភបំពានលើរូបរាងកាយ និងផ្លូវភេទ
ស្ដ្រីដែលជានិយោជិតទាំងឡាយ ត្រូវបានការពារដោយច្បាប់យ៉ាងតឹងរ៉ឹង ចំពោះការរំលោភបំពាន លើរូបរាងកាយ និងខាងផ្លូវភេទ គ្រប់ទ្រង់ទ្រាយទាំងអស់។
ជាឧទាហរណ៍៖ សកម្មភាពមួយចំនួនដែលត្រូវចាត់ទុកថា ជាការបំពារបំពានលើរាងកាយស្រ្តីមាន ដូចជាការប្រើអំពើហិង្សាពីសំណាក់និយោជក ការប៉ះពាល់ ឬស្ទាបអង្អែលលើរូបរាងកាយ ក្នុងបំណងទុច្ចរិតណាមួយ ការគម្រាមកំហែងលើផ្លូវភេទ ដើម្បីជាថ្នូរក្នុងការតម្លើងតំណែង ឬចៀសផុតពីការបញ្ឈប់ពីការងារជាដើម ព្រមទាំងសកម្មភាពផ្សេងៗទៀតដែលប៉ះទង្គិចដល់កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ដ្រីផងដែរ។
ក្នុងករណីដែលមានការរំលោភបំពាន ឬឥរិយាបថមិនគួរគប្បីណាមួយមកលើខ្លួនស្រ្ដី ដែលទទួលរងផលប៉ះពាល់នោះ មានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់ពាក្យបណ្ដឹង ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយរកដំណោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។
* អត្ថប្រយោជន៍សម្រាប់ស្រ្តីនៅពេលមាតុភាព (សំរាលកូន)
ចៅហ្វាយ ឬនិយោជក មិនអាចបញ្ឈប់និយោជិតពីការងារ នៅពេលឈប់សំរាលកូន ឬយកមូលហេតុនេះមកធ្វើជាលេសនោះទេ។ ស្របគ្នាផងដែរ ដើម្បីសម្របសម្រួលដល់ដំណាក់កាលនេះ ស្រ្តីត្រូវទទួលបានអត្ថប្រយោជន៍មួយចំនួនដូចជា៖
• មានសិទ្ធិឈប់សម្រាក កៅសិបថ្ងៃ ដើម្បីសម្រាលកូន។
• ចំពោះស្ដ្រីណាដែលបានធ្វើការក្នុងសហគ្រាសចាប់ពីមួយឆ្នាំឡើងទៅ ត្រូវមានសិទ្ធិទទួលបាន ប្រាក់ឈ្នួលពាក់កណ្ដាល ពីនិយោជក នៅអំឡុងពេលឈប់សម្រាកខាងលើ។
• កម្មការនីដែលបានបង់ប្រាក់វិភាគទានទៅកាន់ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ត្រូវទទួលបានប្រាក់៧០% នៃប្រាក់ខែដែលជាប់វិភាគទានចំនួន៩០ថ្ងៃ ហើយប្រាក់ជាប់វិភាគទាននោះដែរ ត្រូវបានបង់ជាប់គ្នាយ៉ាងតិច ៩ ខែ មុនពេលសម្រាលកូន ដោយយោងតាម៖
១. យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ហើយត្រូវបានបង្កើតឡើងដោយអនុក្រឹតលេខ ០១ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្ដីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។
២. ប្រកាសលេខ ១៨៤/១៨ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ដីពីការកែសម្រួលនៃប្រការ២ ប្រការ៤ ប្រការ៥ ប្រការ៦ ប្រការ៧ ប្រការ៨ និងប្រការ១០ នៃប្រកាសលេខ ១០៩ ក.ប/ប្រ.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្តីពីតាវកាលិកថែទាំសុខភាព។
• ចំពោះកម្មករនិយោជិតជាស្រ្តីទាំងអស់ដែលបានចុះបញ្ជីក្នុង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) (កាតព្វកិច្ចចុះបញ្ជីជារបស់និយោជក ឫម្ចាស់សហគ្រាសគ្រឹះស្ថាន) និងសម្រាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ដូចខាងក្រោម៖
- សម្រាលកូនទោល (មួយ) ទទួលបាន ៤០០ ០០០ (បួនសែន) រៀល ។
- សម្រាលកូនភ្លោះ (ពីរ) ទទួលបាន ៨០០ ០០០ (ប្រាំបីសែន) រៀល ។
- សម្រាលកូនភ្លោះ (បី) ទទួលបាន ១ ២០០ ០០០ (មួយលានពីរសែន) រៀល ។
ប្រាក់ឧបត្ថម្ភនេះ ត្រូវផ្ដល់ជូនដោយផ្ទាល់ពី ប.ស.ស ក្រោយពេលសម្រាលកូន ទោះបីទារករស់ ឬស្លាប់ក៏ដោយ។
• ក្នុងរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃដែលសំរាលកូនរួច ស្ដ្រីដែលឱ្យកូនបៅដោះអាចបានពេលមួយម៉ោងក្នុងមួយថ្ងៃ ដើម្បីបំបៅកូនខ្លួនក្នុងពេលម៉ោងធ្វើការ។ រយៈពេល ១ ម៉ោងនេះ អាចចែកចេញជាពីរវគ្គដែលក្នុងមួយវគ្គមាន ៣០ នាទី គឺពេលធ្វើការព្រឹកម្ដង និងពេលធ្វើការរសៀលម្ដង នៅម៉ោងណាដែលស្ដ្រីនោះបានព្រមព្រៀងជាមួយនិយោជក ឬម្ចាស់សហគ្រាស។ បើគ្មានការព្រមព្រៀងទេ ត្រូវយកម៉ោងនៅពាក់កណ្ដាលពេល នៃរយៈពេលម៉ោងធ្វើការនីមួយៗ។ (យោងតាមមាត្រា១៨៤ នៃច្បាប់ស្ដីពីការងារឆ្នាំ ១៩៩៧)
សរុបមកវិញ កម្មករនិយោជិតជាស្រ្តីទាំងអស់ដែលបានរួមចំណែកក្នុងវិស័យការងារ គួរគប្បីស្វែងយល់ពីការការពារ សិទ្ធិ និងអត្ថប្រយោជន៍ដែលខ្លួនត្រូវទទួលបានឱ្យបានច្បាស់លាស់ រួមទាំងអាចចែករំលែកចំណេះដឹងនេះបន្ត ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងកម្មករនិយោជិតដទៃ។
រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕