(សៀមរាប)៖ សកម្មភាពនៃការប៉ុនប៉ងចូលទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ នៅក្នុងដីសហគមន៍ព្រៃឈើរំចេក ក្នុងរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានអាជ្ញាធរ មានសមត្ថកិច្ចខេត្តសៀមរាបទប់ស្កាត់បានភ្លាមៗ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីអាជ្ញាធរចុះធ្វើការអប់រំ និងណែនាំពីច្បាប់ និងព្រមានក្រុម ប្រជាពលរដ្ឋពីការប្រឈមចំពោះមុខច្បាប់ក្នុងករណីនៃការរំលោភបំពាន ការកាប់ទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់។
កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៩ ប្រជាពលរដ្ឋចំនួន៣៥នាក់ នៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបដឹកនាំដោយស្ត្រីឈ្មោះ ទេស ជឿន បាននាំទៅត្រួសត្រាយព្រៃយ៉ាងអនាធិបតេយ្យនៅចំណុចចុងស្ពាន សាលាក្រវ៉ាន់ ស្ថិតក្នុងដីសហគមន៍ព្រៃឈើរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយត្រូវបានកម្លាំងសមត្ថកិច្ចខេត្តសៀមរាបចាត់វិធានការភ្លាមៗដើម្បីទប់ស្កាត់។
ដីព្រៃដែលពលរដ្ឋកាប់ឆ្ការព្រៃប៉ុនប៉ងកាន់កាប់ដោយខុសច្បាប់នេះត្រូវបានគេដឹងថា ជាស្ថិតនៅក្រោមការគ្រប់គ្រង និងជាទីតាំងឈរជើងរបស់វរសេនាធំលេខ៣៣ កងពលធំលេខ១១ នៃយោធភូមិភាគទី៥។ ក្រោយការពន្យល់របស់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋដែលត្រួសត្រាយព្រៃអនាធិបតេយ្យ បានយល់ព្រមបញ្ឈប់សកម្មភាពនៃការកាប់ទន្ទ្រានដីធ្វើកម្មសិទ្ធិបន្តទៀតហើយ។
គួរកត់សម្គាលថា នៅខណៈទីផ្សារដីធ្លីមានតម្លៃខ្ពស់ ធ្វើឱ្យក្រុមជនខិលខូចមួយចំនួនបានរំលោភបំពានច្បាប់ និងខ្លះបានប្រើប្រាស់ប្រជាពលរដ្ឋជាខែល ដើម្បីរំលោភបំពានទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ ទាំងលើដីដែលមានកម្មសិទ្ធិត្រឹមត្រូវ និងដីព្រៃរបស់រដ្ឋនិងបានអនុវត្តទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ»។ កន្លងទៅនេះ អាជ្ញាធររបស់រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការច្បាប់ប្រឆាំងនឹងបទល្មើសនេះ ហើយមេក្លោងមួយចំនួនដែលនៅពីក្រោយបទល្មើសនេះត្រូវបានចាប់ខ្លួន និងជំនុំជម្រះក្តីតាមច្បាប់។
អាជ្ញាធរបានប្រកាសឱ្យជនខិលខូចត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ជាអាទិ៍ការឈូលឆាយ ការកាប់ឆ្ការ ដុត រុករានទន្ទ្រានដីព្រៃ ការសាងសង់ខ្ទម ឬរោង ការដាំដំណាំ ឬការអាស្រ័យផលលើដីរបស់រដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានប្រកាសឱ្យឈប់ជាបន្ទាន់នូវរាល់ការទិញលក់ដីរដ្ឋ និងការ បញ្ជាក់ការទិញលក់ដីរដ្ឋដោយខុសច្បាប់។ ជនដែលនៅតែរំលោភបំពាន នឹងត្រូវប្រឈមមុខច្បាប់ជាកំហិតយោងតាមច្បាប់ស្តីពីការការពារតំបន់ធម្មជាតិ ច្បាប់ព្រៃឈើ និងច្បាប់ភូមិបាល៕