(ព្រះសីហនុ)៖ ជនសង្ស័យ៨នាក់ ដែលពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើសមត្ថកិច្ចបណ្ដាលឲ្យរងរបួស និងបិទផ្លូវជាតិលេខ៤ នៅចំណុចស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលខេត្តបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះថា ជនសង្ស័យទាំង៨នាក់ ដែលត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់រយៈពេល២ថ្ងៃនោះ ត្រូវបានបញ្ជូនទៅកាន់តុលាការហើយ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទាំង៨នាក់ រហូតមកដល់ព្រឹកថ្ងៃនេះ កំពុងស្ថិតក្រោមការសួរនាំរបស់ព្រះរាជអាជ្ញាដើម្បីចាត់ការតាមនីតិវិធី។
សូមរំលឹកថា មន្រ្តីនគរបាលចំនួន៤នាក់ និងប្រជាការពារ២នាក់ បានរងរបួសខ្លះបែកក្បាល និងរថយន្តចំនួន៣គ្រឿង បានរងការខូចខាត ដោយសារប្រជាពលរដ្ឋ ដែលអាជ្ញាធរចាត់ទុកថា ជាក្រុមអនាធិបតេយ្យបានគប់ដុំថ្ម និងប្រើអំពើហិង្សា ពេលនាំគ្នាបិទផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។
ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ភ្លាមៗកម្លាំងនគរបាលរបស់លោក បានចាប់ខ្លូនមនុស្ស៨នាក់ ជាបន្ដបន្ទាប់ដែលបានដឹកនាំ និងចូលរួមប្រើហិង្សាទៅលើមន្ដ្រីនគរបាល និងប្រជាការពារ នៅពេលដែលកងកម្លាំងបានចុះទៅអន្ដរាគមន៍ ឲ្យពួកគេបើកផ្លូវឡើងវិញ ក្រោយយកដុំថ្ម និងមែកឈើទៅដាក់បិទផ្លូវជាតិបង្កឲ្យកកស្ទះចរាចរណ៍។ លោកឧត្តមសេនីយ៍ស្នងការបានចាត់ទុកថា គឺជាបទល្មើសព្រហ្មទណ្ឌដែលមិនអាចលើកលែងឲ្យបាន នឹងចាត់វិធានការតាមផ្លូវច្បាប់តែម្ដង៕