(សៀមរាប)៖ អាគារសិក្សាថ្មីឪម៉ាល់ (ហ៊ីសាយុ-សង្ឃឹម) ដែលមានទីតាំងស្ថិតនៅភូមិឪម៉ាល់ ឃុំសំបួ ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាអំណោយរបស់លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយុ (SHIBUYA HISAYU) សប្បុរសជនជនជាតិជប៉ុន ដែលបច្ចុប្បន្នលោកស្រីត្រូវបានលាចាកលោកយើងនេះហើយ ហើយបានបន្សល់ទុកស្នាដៃជាច្រើនសម្រាប់កូនខ្មែរ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។
ជាក់ស្តែងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ អាគារសិក្សាថ្មីឪម៉ាល់ (ហ៊ីសាយុ-សង្ឃឹម) ត្រូវបានសម្ពោធដាក់ឲ្យដំណើការប្រើប្រាស់ជាផ្លូវការ ក្នុងវត្តមានរបស់អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា និងជាអ្នកតំណាងមណ្ឌលសៀមរាប។ ក្នុងពិធីនេះក៏មានចូលរួមពី លោកព្រឹទ្ធាចារ្យ កាជីវ៉ារ៉ា គឺស៊ីអូ តំណាងសមាគមជួយជ្រោមជ្រែងសុខភាព និងការអប់រំ (សិក/SCHEC) និងលោកស្រី ស៊ីប៊ូយ៉ា តំណាងរបស់អ្នកស្រី លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយុ ព្រមទាំងវត្តមានក្រុមការងារចុះជួយស្រុកក្រឡាញ់, អាជ្ញាធរមូលដ្ឋាន, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៤០០នាក់ផងដែរ។
លោកព្រឹទ្ធាចារ្យ កាជីវ៉ារ៉ា គឺស៊ីអូ បានឲ្យដឹងថា អាគារសិក្សាថ្មីនេះ គឺមាន១ខ្នង ស្មើនឹង៥បន្ទប់ គឺជាអំណោយផ្ទាល់របស់ លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយុ ដែលជាអតិតសមាជិកសមាគមសិកជប៉ុន ដែលបានចំណាយថវិកាផ្ទាល់ខ្លួនសរុប៤ម៉ឺនដុល្លារ បូករួមជាមួយថវិការផ្ទាល់របស់អ្នកឧកញា សៀង ណាំ ១៥,០០០ដុល្លារ ដែលសរុបលើការចំណាយទាំងអស់ប្រមាណ៥៥,០០០ដុល្លារសហរដ្ឋអាមេរិក។
អ្នកឧកញ៉ា សៀង ណាំ បានបញ្ជាក់ថា ការកសាងអាគារសិក្សាថ្មីនេះឡើង ដែលបានចេញជារូបរៀងនៅចំពោះមុខនេះ គឺស្ថិតក្រោមការគៀងគរជំនួយពីគ្រប់មជ្ឈដ្ឋាននៅប្រទេសជប៉ុន ដើម្បីរួមចំណែកលើកកម្ពស់លើវិស័យអប់រំនៅកម្ពុជា ពិសេសក្នុងខេត្តសៀមរាប ដើម្បីបណ្តុះបណ្តាលនូវធនធានមនុស្សឲ្យមានចំណេះដឹងកាន់តែប្រសើរឡើង ក្នុងកិច្ចបំពេញនូវតម្រូវការនៃការអភិវឌ្ឍន៍ប្រទេស។
លោកបានគូសបញ្ជាក់ថា បើគិតរហូតមកទល់ពេលនេះ លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយុ បានផ្តល់អាគារសិក្សាដល់ស្រុកក្រឡាញ់សរុបចំនួន៦ខ្នង សើ្មនឹង៣៣បន្ទប់ ដោយមិនទាន់បានគិតពីការផ្តល់អាគារសិក្សាទៅតាមបណ្តាស្រុកផ្សេងៗទៀត នៅទូទាំងខេត្តសៀមរាបនៅឡើយទេ។ ជាមួយគុណតំលៃរបស់លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយុ នៅពេលនេះ អ្នកឧកញ៉ា បានថ្លែងអំណរគុណដល់សប្បុរសជនជាតិជប៉ុន ដែលបានជួយដល់កម្ពុជា មិនថានៅទីក្រុង ឬជនបទនោះទេ គឺជនជាតិជប៉ុន ពិសេសរដ្ឋាភិបាលជប៉ុនតែងតែជួយដល់កម្ពុជាជានិច្ច។
អ្នកឧកញ៉ា សៀង ណាំ ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គឺបន្តរឹតចំណងសាមគ្គីភាព ជាមួយរដ្ឋាភិបាលជប៉ុន និងជាប្រជាជនជប៉ុន ទាំងវិស័យការទូក ក៏ដូចជាវិស័យផ្សេងៗ ឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខទៀត ហើយលោកបានផ្តាំផ្ញើរដល់ក្មួយសិស្សានុសិស្សទាំងអស់ឲ្យខិតខំរៀនសូត្រ ដើម្បីតបស្នងសងគុណដល់ម្ចាស់ជំនួយ ក៏ដូចជាសម្រាប់អនាគត់របស់ខ្លួនផ្ទាល់ និងសង្គមជាតិផងដែរ៕