(កំពង់ស្ពឺ)៖ ក្រោយពីខ្យល់កន្ទ្រាក់វាយប្រហាចំនួន០២ស្រុក បណ្ដាលផ្ទះ រងការខូចខាតចំនួនជិត២០ខ្នង ដែល០៥ខ្នង ខូចខាតទាំងស្រុងនោះ នៅថ្ងៃ ទី២០ ខែមេសា ឆ្នាំ២០១៩នេះ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ ព្រមជាមួយក្រុមការងារបាននាំអំណោយ របស់កាកបាទក្រហម ទៅចែកជូន ប្រជាពលរដ្ឋរងគ្រោះដល់លំនៅដ្ឋាន និងប្រកាសសាងសង់ផ្ទះថ្មី ចំនួន០៥ខ្នង ជូនពលរដ្ឋដែលរលំបាក់ផ្ទះទាំងស្រុង។
ក្នុងឱកាសដែលបាននាំអំណោយ ទៅចែកជូនជនរងគ្រោះដោយគ្រោះធម្មជាតិនោះ លោក វ៉ី សំណាង បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត ចូលរួមសោកស្តាយយ៉ាងក្រៃលែង ចំពោះគ្រោះធម្មជាតិមួយនេះ ដែលបានបំផ្លិចបំផ្លាញផ្ទះសំបែងរបស់ពលរដ្ឋជាច្រើនខ្នង។
លោកអភិបាលខេត្ដបញ្ជាក់ថា មិនមែនតែខេត្តកំពង់ស្ពឺ ទេដែលជួបហេតុការណ៍នេះ ពោលខេត្តដទៃក៏បានជួបបញ្ហានេះដែរ កត្តាធម្មជាតិ តម្រូវឲ្យបងប្អូន មានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះគ្រោះធម្មជាតិជាយថាហេតុ មិនអាចដឹងពេលវេលាច្បាស់លាស់នោះទេ ។
សូមជម្រាបថា ផ្ទះដែលត្រូវសាសង់ជូន ប្រជាពលរដ្ឋរងគ្រោះទាំង០៥ខ្នងនោះ ក្នុងមួយខ្នងៗ មានទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ តយ៉ាបទៅមុខ២.៥០ម៉ែត្រ និងតយ៉ាបទៅក្រោយ២.៥០ម៉ត្រ ធ្វើពីដែកប្រកស័ង្កសី៕